(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានជាច្រើននាក់បានឱ្យដឹងថារូបថតជាច្រើនសន្លឹកបង្ហាញពីមីស៊ីលអ៊ីរ៉ង់ ត្រូវបានដំឡើង លើទូកតូចៗមួយចំនួននៅឯឈូងសមុទ្រពែក្ស គឺជាមូលហេតុចម្បងជម្រុញឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធ មីស៊ីល, នាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
មន្ត្រីខាងលើដដែលបានប្រាប់សារព័ត៌មាន New York Times ទៀតថាការដំឡើងមីស៊ីលលើទូកទាំងនោះ បានបង្ក ជាការព្រួយបារម្ភថាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អាចនឹងបាញ់មីស៊ីលទាំងនេះលើកងនាវាអាមេរិកនៅក្នុងតំបន់។ ប៉ុន្តែ ឧត្ដមសេនីយអង់គ្លេស លោក Christopher Ghika ក៏បានអះអាងដែរថាអង់គ្លេសមើលមិនឃើញទាល់តែសោះ ពីការគំរាមកំហែងរបស់អ៊ីរ៉ង់លើកងទ័ពអាមេរិក។ ម្យ៉ាងវិញទៀត មន្ត្រីអឺរ៉ុប និងអ៊ីរ៉ាក់មួយចំនួនថែមទាំងលើកឡើង ទៀតផងថាការដំឡើងមីស៊ីលលើទូករបស់អ៊ីរ៉ង់ ធ្វើឡើងដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារណាមួយ ពីសំណាក់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
គួរជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ ក្រសួងការបរទេសអាមេរិកបានបង្គាប់ឱ្យបុគ្គលិកទូតអាមេរិកមិនមានភារៈកិច្ច ចាំបាច់ទាំងអស់ ចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ ហើយការបង្គាប់នេះទៀតសោតកើតមានឡើងតែប៉ុន្មានម៉ោង ប៉ុណ្ណោះ ក្រោយទីបញ្ជាការកណ្ដាលកងទ័ពអាមេរិកបានដាក់ឱ្យកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអារ៉ាក់ និងស៊ីរី ស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ដោយសំអាងថាអ៊ីរ៉ង់ ឬកងកម្លាំងប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់អាចនឹងបើក ការវាយប្រហារ៕