(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានប្រកាសជាថ្មីពីគោលជំហររបស់ទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងសង្រ្គាម ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសទាំងទើបតែដំឡើងពន្ធតម្លៃរាប់ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងកម្មវិធីផ្សាយរបស់ខ្លួនក្នុងសប្ដាហ៍នេះ CCTV បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជុំវិញសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចិនបានបង្ហាញគោលជំហរយ៉ាងច្បាស់ នោះគឺយើងមិនចង់ធ្វើសង្រ្គាមនេះទេ ប៉ុន្តែ យើងក៏មិនខ្លាចនឹងធ្វើសង្រ្គាមនេះដែរ... ពោលគឺបើអ្នកចង់ចរចាយើងនឹងចរចា ហើយបើអ្នកចង់ធ្វើសង្រ្គាម យើងនឹងប្រយុទ្ធរហូតដល់ទីបំផុត»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើផលិតផលនាំចូលពីចិនមានតម្លៃ ២០០ពាន់លានដុល្លារ ហើយជាការសងសឹក ទីក្រុងប៉េកាំងក៏បានប្រកាសដំឡើងពន្ធមានតម្លៃ ៦០ពាន់លានដុល្លារលើផលិតផល អាមេរិកវិញផងដែរ។ រីឯប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា នឹងជជែកពីរឿងនេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាឱកាសដែលមេដឹកនាំទាំងពីររូប ចូលរួមកិច្ចប្រជុំកំពូលមហាអំណាចសេដ្ឋកិច្ច G20 ក្នុងប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះ៕