Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្គ្រាមសំរាម! ហ្វីលីពីនកោះហៅមន្ត្រីទូតពីកាណាដាត្រឡប់មកវិញ ព្រោះតែសំរាម៦៩កុងតឺនឺ...

16-05-2019 12:17

(ម៉ានីល)៖ នៅទីបំផុតរដ្ឋាភិបាលហ្វីលីពីនបានកោះហៅ មន្ត្រីទូតកំពូលរបស់ខ្លួនជាច្រើនរូបពីប្រទេសកាណាដា ឱ្យត្រឡប់ចូលស្រុកវិញ បន្ទាប់ពីទីក្រុងអូតតាវ៉ា (Ottawa) ខកខានឱសានវាទទទួលយកសំរាមចំនួន ៦៩កុងតឺនឺ ត្រឡប់ទៅប្រទេសអាមេរិកខាងជើងមួយនេះវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

ការសម្រេចចិត្តកោះហៅមន្ត្រីទូតនេះធ្វើឡើង ក្រោយប្រធានាធិបតីហ្វីលីពីនលោក រូឌ្រីហ្គោ ឌូតឺតេ កាលពីខែមេសាកន្លងទៅ បានព្រមានធ្វើសង្រ្គាមសំរាមតាមរយៈការបញ្ជូនសំរាម ៦៩កុងតឺនឺឱ្យកាណាដាវិញ។ ដោយឡែកជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ថេដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើត្រូវតែ កាត់បន្ថយវត្តមានមន្ត្រីទូតនៅក្នុងប្រទេសកាណាដា រហូតដល់ពួកគេព្រមយកសំរាមត្រឡប់ទៅវិញ... ក្រោយការខកខានអនុវត្តន៍ ឱសានវាទត្រឹមថ្ងៃទី១៥ ខែឧសភា»។ ប៉ុន្តែជុំវិញបញ្ហានេះ ខាងក្រសួងការបរទេសកាណាដា នៅមិនទាន់បញ្ចេញប្រតិកម្មណាមួយនោះឡើយ។

គួរបញ្ជាក់ថា កាណាដាបានធា្លប់អះអាងថា សំរាមដែលត្រូវបាននាំចេញទៅកាន់ទីក្រុងម៉ានីល នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤ ធ្វើឡើងក្រោមរូបភាពជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយមិនបានទទួលការគាំទ្រពីរដ្ឋាភិបាលទីក្រុង Ottawa ឡើយ។ ប៉ុន្តែ ហ្វីលីពីនបានដាក់ពាក្យប្ដឹងតវ៉ា ប្រឆាំងនឹងកាណាដាជាបន្តបន្ទាប់រហូតដល់តុលាការ ហ្វីលីពីនសម្រេចបញ្ជូនសំរាមទាំងនេះ ទៅកាណាដាវិញកាលពីឆ្នាំ២០១៦៕