Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ច្រានចោលព័ត៌មានរបស់ញូយ៉កថែមស៍ ដែលផ្សាយថាលោកបញ្ជូនទ័ពអាមេរិក «១២០,០០០នាក់» ទៅទប់ទល់អ៊ីរ៉ង់ (Video inside)

16-05-2019 10:54

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានច្រានចោលនូវការចេញផ្សាយដោយសារព័ត៌មាន New York Times ថា ក្រុមមន្ត្រីសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នា ទៅលើគម្រោងយោធាមួយ ដើម្បីបញ្ជូនកងទ័ពរហូតដល់ ១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីតបតទៅនឹង ការវាយប្រហារណាមួយ ឬក៏កម្មវិធីនុយក្លេអ៊ែដែលបង្កឡើងដោយអ៊ីរ៉ង់។ នេះបើយោងតាម​សារព័ត៌មាន CGTN ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមានទីក្រុងវ៉ាស៊ីនតោនថា «ខ្ញុំគិតថាវាជាព័ត៌មានក្លែងក្លាយ, តាមពិតទៅយើងមិនមានគម្រោងនោះទេ ហើយប្រសិនបើ យើងមានគម្រោងមែននោះ យើងនឹងបញ្ជូនកងទ័ពច្រើនជាងនេះទៅទៀត»

គួរជម្រាបថា សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិកលោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បានបង្ហាញគម្រោងថ្មីមួយកាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំមួយ នៃក្រុមជំនួយការសន្តិសុខជាតិកំពូលថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពរហូតដល់ ១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ប្រសិនបើអ៊ីរ៉ង់វាយប្រហារកងទ័ពសហរដ្ឋអាមេរិក ឬក៏អ៊ីរ៉ង់បង្កើនសកម្មភាពឡើងវិញ ទៅលើកម្មវិធីផលិតអាវុធនុយក្លេអ៊ែរបស់ខ្លួន៕