(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពកន្លែងដែលយានអវកាសអ៊ីស្រាអែល បានធ្លាក់នៅកំឡុងពេលព្យាយាម ចុះចតកាលពីខែមេសាកន្លងទៅ នៅលើផ្ទៃឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
រូបភាពខាងលើត្រូវបានយាន Lunar Reconnaissance Orbiter ហៅកាត់ថា LRO ថតយកពីទីអវកាសនៅរយៈកម្ពស់ ៩០គីឡូម៉ែត្រពីផ្ទៃរបស់ព្រះច័ន្ទ ខណៈដែលវាបានគោចរ ឆ្លងកាត់ពីលើទីតាំងដែលយានឈ្មោះថា Beresheet របស់ប្រទេសអ៊ីស្រាអែល ត្រូវបានបញ្ជាឲ្យចុះចតកាលពីថ្ងៃទី២២ ខែមេសា គឺនៅរយៈពេល ១១ថ្ងៃក្រោយការចុះចតបរាជ័យ។
គួរជម្រាបថា យានអវកាស Beresheet ត្រូវបានគេបាញ់បញ្ជូនចេញពីផែនដី តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX កាលពីខែកុម្ភៈ។ ការចុះចតបរាជ័យរបស់វា គឺបង្កឡើងដោយកូដឃ្លាបញ្ជាមួយ ដែលត្រូវបានវាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់យានអវកាស ហើយក៏បណ្តាលឲ្យម៉ាស៊ីនរបស់វារលត់មុនពេលកំណត់។ ហេតុដូចនេះហើយយាន Beresheet ក៏បានធ្លាក់ទៅបុកនឹងផ្ទៃព្រះច័ន្ទខ្ទេចតែម្តង ដែលស្មើនឹងគំរោងជាង ១០០លានដុល្លារត្រូវរលាយសាបសូន្យ៕