Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ NATO៖ ជម្លោះអាចនឹងផ្ទុះឡើង បើសហរដ្ឋអាមេរិកនៅតែបង្កើនវត្តមានយោធានៅមជ្ឈិមបូព៌ា (Video inside)

15-05-2019 17:08

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បានបង្ហាញការព្រួយបារម្ភ ជាខ្លាំងចំពោះការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ ដោយ ព្រមានថាវាអាចនឹងបង្កជាជម្លោះដោយចៃដន្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News លោក Stoltenberg បានលើកឡើងដូច្នេះថា៖ «យើង កំពុងព្រួយបារម្ភជាខ្លាំង ពីព្រោះបើជម្លោះ (រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់) ផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ានោះវា នឹងបង្កភាព ស្មុគស្មាញដល់សម្ព័ន្ធមិត្តអង្គការណាតូទាំងមូល»។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើ លោកជឿជាក់ដែរឬទេចំពោះព័ត៌មានសំងាត់អាមេរិក ដែលអះអាងថាអ៊ីរ៉ង់អាចនឹងបើកការវាយប្រហារលើ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ លោក Stoltenberg បានសង្កត់ធ្ងន់ថាវាគឺជាសម្រេចចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោន ហើយក្នុងនាមលោកជាអគ្គលេខាធិការណាតូ លោកមិនអាចឆ្លើយក្នុងនាមតំណាងឱ្យ សហរដ្ឋអាមេរិកនោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ន កងយន្ដហោះទម្លាក់គ្រាប់បែក B-52, នាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជូន និងដាក់ពង្រាយទៅកាន់តំបន់ មជ្ឈិមបូព៌ាហើយ ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អង់គ្លេសម្នាក់ បាននិយាយដែរថាអង់គ្លេសមើលមិនឃើញទាល់តែសោះថាអ៊ីរ៉ង់កំពុងគម្រាមកំហែងដល់កងទ័ពអាមេរិក៕