(ការ៉ាកាស់)៖ ស្ថានីយទូរទស្សន៍វេណេស៊ុយអេឡា VTV បានរាយការណ៍ថាសភាធម្មនុញ្ញរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានដកអភ័យឯកសិទ្ធិសភាពីសមាជិកសភាជាតិនៃគណបក្សប្រឆាំង៥នាក់បន្ថែមទៀត ដើម្បីបើកផ្លូវកាត់ទោសអ្នកទាំងនេះពីបទក្បត់ជាតិ និងបះបោរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។
យោងតាមទូរទស្សន៍ VTV សមាជិកសភាជាតិបក្សប្រឆាំងដែលត្រូវបានដកហូតអភ័យឯកសិទ្ធិនោះ រួមមាន លោក Juan Andres Mejia, លោក Sergio Vergara, លោក Freddy Superlano, លោក Carlos Paparoni និង លោក Miguel Pizarro។ ប៉ុន្តែ គួរឱ្យកត់សម្គាល់សេចក្ដីរាយការណ៍នេះ កើតមានឡើងតែ មួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំង៧នាក់ផ្សេងទៀត ក៏ត្រូវបានសភាធម្មនុញ្ញរបស់លោក ម៉ាឌូរ៉ូ ដកអភ័យឯកសិទ្ធិផងដែរ ដោយចោទថាអ្នកទាំងនេះមានជាប់ពាក់ព័ន្ធនឹងទង្វើធ្វើរដ្ឋប្រហារ។
គួរបញ្ជាក់ថា កាលពីចុងខែមេសាកន្លងទៅ លោក ម៉ាឌូរ៉ូ បានអះអាងថាបក្សប្រឆាំងរបស់លោក Juan Guaido បានដឹកនាំការធ្វើរដ្ឋប្រហារមិនបានសម្រេចមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ រីឯ លោក Guaido ក៏បាន ទទួលស្គាល់ដែរថាលោកកំពុងពិចារណាស្នើសុំអន្តរគមន៍យោធាពីសហរដ្ឋអាមេរិក ខណៈបេកសកជនពិសេស ម្នាក់របស់លោកគ្រោងនឹងជួបជាមួយមន្ត្រីនៃបញ្ចកោណអាមេរិកនៅសប្ដាហ៍ក្រោយនេះ៕