(ហ្ស៊ីមបាបវ៉េ)៖ ប្រទេសហ្ស៊ីមបាបវ៉េបានសម្រេចចិត្តលក់សត្វដំរី៩០ក្បាល ក្នុងតម្លៃជាង២.៧លានដុល្លារឱ្យ ប្រទេសចិន និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើអ្នកនាំពាក្យទីភ្នាក់ងារសត្វព្រៃហ្ស៊ីមបាបវ៉េ ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។
អ្នកនាំពាក្យទីភ្នាក់ងារសត្វព្រៃហ្ស៊ីមបាបវ៉េ លោក Tinashe Farawo បានឱ្យដឹងទៀតថាលុយដែលបានមកពី ការលក់សត្វដំរីទាំងនេះនឹងត្រូវយកទៅផ្គត់ផ្គង់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ ខណៈទីភ្នាក់ងាររបស់ លោកកំពុងមានការលំបាកក្នុងការគ្រប់គ្រងសត្វដំរីនៅក្នុងឧទ្យាន ជាតិ ។
ដោយឡែក បើតាមរដ្ឋមន្ត្រីទេសចរណ៍ហ្ស៊ីមបាបវ៉េ លោកស្រី Prisca Mupfumira បច្ចុប្បន្នហ្ស៊ីមបាបវ៉េមាន សត្វដំរី ៨៥,០០០ក្បាល ប៉ុន្តែមានសមត្ថភាពចិញ្ចឹមសត្វដំរីតែ ៥៥,០០០ក្បាលប៉ុណ្ណោះ។
គួរជម្រាបថា ប្រទេសហ្ស៊ីមបាបវ៉េ ក៏ធ្លាប់លក់សត្វដំរី៩៨ក្បាលឱ្យចិន និងអេមីរ៉ាតអារ៉ាប់រួមផងដែរ ដោយក្នុង មួយក្បាលមានតម្លៃពី១៣,៥០០ដុល្លារ ដល់៤១,៥០០ដុល្លារ ហើយពួកវាទាំងនេះត្រូវបាននាំចេញទៅកាន់ ប្រទេសទាំង២ នៅចន្លោះឆ្នាំ២០១២ និង២០១៨៕