(វ៉ាស៊ីនតោន)៖ នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តហើយលើកញ្ចប់ថវិកា ១.៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២០ ដើម្បីជួយជម្រុញកិច្ចខិតខំប្រឹងប្រែងបញ្ជូនមនុស្សទៅកាន់ឋាន ព្រះចន្ទនៅត្រឹមឆ្នាំ២០២៤។ នេះបើតាមនាយកអង្គការ NASA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងវីដេអូមួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នាយកអង្គការ NASA លោក Jim Bridenstine បានលើកឡើងដូច្នេះថា៖ «លោកប្រធានាធិបតីដូណាល់ ត្រាំ បានផ្ដល់ភារកិច្ចដល់ទីភ្នាក់ងាររបស់យើង ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទត្រឹមឆ្នាំ២០២៤...ហើយឥលូវ លោកបានអនុម័តលើកញ្ចប់ថវិកាបន្ថែម ១.៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២០...»។
គួរបញ្ជាក់ថា បើតាមលោក Jim Bridenstine កញ្ចប់ថវិកាខាងលើនឹងជួយពន្លឿនការអភិវឌ្ឍប្រព័ន្ធយានបាញ់ ទៅកាន់ទីអវកាស និងប្រព័ន្ធនាំមនុស្សទៅចុះចតលើឋានព្រះចន្ទ។ មិនតែប៉ុណ្ណោះ វាក៏នឹងជួយដល់ការអភិវឌ្ឍរ៉ូបូត រុករកនៅលើឋានព្រះចន្ទផងដែរ៕