(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានចាត់ទុកថាការរឹបអូសនាវាដឹកជញ្ជូនមួយគ្រឿងរបស់ខ្លួនពីសំណាក់ សហរដ្ឋអាមេរិកគឺជាទង្វើខុសច្បាប់ និងរំលោភលើស្មារតីនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេស២ ព្រមទាំងស្នើឱ្យ ប្រគល់នាវានេះមកវិញដោយមិនត្រូវពន្យារពេលផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងចេញផ្សាយដោយសារព័ត៌មាន KCNA ក្រសួងការបរទេសកូរ៉េខាងជើងក៏បានទាត់ចោលដែរការ អះអាងរបស់សហរដ្ឋអាមេរិកដែលថានាវារបស់ខ្លួនរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ សេចក្ដីថ្លែង ការណ៍ដដែលបានលើកឡើងដូច្នេះថា៖ «នេះគឺជាទង្វើខុសច្បាប់ និងរំលោភលើស្មារតីសេចក្ដីថ្លែងការណ៍រួមនៃ កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំង២ ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨...ដូច្នេះយើង នឹងតាមឃ្លាំមើលជានិច្ចលើអកប្បកិរិយារបស់សហរដ្ឋអាមេរិក»។
គួរជម្រាបថា កាលពីសប្ដាហ៍មុន ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថាខ្លួនបានរឹបអូសនាវាមួយគ្រឿងរបស់ កូរ៉េខាងជើងដោយចោទថានាវានេះដឹកជញ្ជូនធ្យូងថ្មខុសច្បាប់ ដែលរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ។ នាវា នេះត្រូវបានឃាត់ទុកនៅប្រទេសឥណ្ឌូណេស៊ីតាំងតែពីខែមេសា ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែព្រមពេលជាមួយគ្នានឹង ប្រកាសនេះ ទីក្រុងព្យុងយ៉ាងក៏បានធ្វើតេស្ដមីស៊ីលរយៈចំងាយខ្លី២គ្រាប់ឡើងវិញផងដែរ៕