(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានលើកឡើងនូវគម្រោងមួយជុំវិញការបញ្ជូនកងទ័ពអាមេរិក ១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងករណីដែលអ៊ីរ៉ង់សម្រេចចិត្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើងវិញ ឬក៏បើកការវាយប្រហារណាមួយលើកងទ័ពអាមេរិកនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។
យោងតាម New York Times គម្រោងបញ្ជូនកងទ័ពអាមេរិកខាងលើ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការពារជាតិ ស្ដីទីអាមេរិក លោក Patrick Shanahan នៅអំឡុងកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិកំពូលៗរបស់ លោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ឡើយថាតើ លោក ត្រាំ ត្រូវបានគេធ្វើបទបង្ហាញពីគម្រោងនេះ ឬក៏ធ្វើការសម្រេចចិត្តណាមួយយ៉ាងណានោះទេ ខណៈចំនួន កងទ័ព១២០,០០០នាក់ គឺវាមានចំនួនប្រហាក់ប្រហែលនឹងកងទ័ពដែលត្រូវបានបញ្ជូនឱ្យទៅឈ្លានពានអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។
គួរបញ្ជាក់ថា ជុំវិញភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នេះដែរ ក្រុមមន្ត្រីការទូតកំពូលអឺរ៉ុបបានស្នើឱ្យ ទីក្រុងវ៉ាស៊ីនតោនមានការអត់ធ្មត់ជាអតិបរាមា ដើម្បីបញ្ជៀសរាល់សកម្មភាពបង្កគ្រោះថ្នាក់ និងអស្ថេរភាពនៅ ក្នុងតំបន់មជ្ឈិមបូព៌ា៕