(ម៉ូស្គូ)៖ ក្រុមមន្ត្រីអាមេរិកជាច្រើននាក់នៅថ្ងៃចន្ទសប្ដាហ៍នេះ ផ្អែកលើការវាយតម្លៃបឋមជុំវិញការវាយប្រហារលើ កប៉ាល់ដឹកប្រេង៤គ្រឿងនៅឯកំពង់ផែមួយកន្លែងក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីសប្ដាហ៍មុន បាននិយាយថា ការវាយប្រហារនេះអាចមានជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ដោយផ្ទាល់ ឬក៏ជាប់ទាក់ទិននឹងក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ ហេតុការណ៍នេះបានកើតឡើងនៅចំពេលដែលសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយប្រព័ន្ធ មីស៊ីលការពារដែនអាកាស, កងកម្លាំងយន្ដហោះទម្លាក់គ្រាប់ និងនាវាផ្ទុកយន្ដហោះចម្បាំងទៅកាន់តំបន់ មជ្ឈិមបូព៌ា។

*តើមានអ្វីកើតឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន?

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា កប៉ាល់ដឹកប្រេង៤គ្រឿង រងការបំផ្លិចបំផ្លាញ យ៉ាងដំណុំនៅក្នុងការវាយប្រហារមួយនៅឯទីក្រុងកំពង់ផែ Fujairah នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ បន្ថែមពីលើនេះ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួមក៏បានបញ្ជាក់ដែរថា ការវាយប្រហារនេះធ្វើឡើងដោយចេតនា ហើយក្នុង ចំណោមកប៉ាល់ទាំង៤គ្រឿងដែលរងការខូចខាតមាន ២គ្រឿងជាកម្មសិទ្ធិរបស់អារ៉ាប៊ីសាអូឌីត ១គ្រឿងជារបស់ អេមីរ៉ាតអារ៉ាប់រួម និងមួយគ្រឿងទៀតជាកម្មសិទ្ធិប្រទេសន័រវែស។

ប៉ុន្តែ មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់លម្អិតណាមួយពីហេតុការណ៍នេះ ឬអ្នកទទួលខុសត្រូវណាម្នាក់ឡើយ ដោយគ្រាន់តែគេដឹងថាវាកើតឡើងនៅចំពេល ដែលសហរដ្ឋអាមេរិកបញ្ជូនកងយន្ដហោះទម្លាក់គ្រាប់បែក B-52, នាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសមកកាន់តំបន់ មជ្ឈិមបូព៌ា ដោយសំអាងថាខ្លួនទទួលបានព័ត៌មានសំងាត់គួរឱ្យទុកចិត្តបានថាអ៊ីរ៉ង់មានផែនការវាយប្រហារលើ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់។

*សហរដ្ឋអាមេរិកកំពុងប្រើសេណារីយ៉ូសង្រ្គាមនៅវៀតណាម?

ក្រុមអាមេរិកជាច្រើននាក់ កាលពីថ្ងៃចន្ទ បានប្រាប់សារព័ត៌មាន AP ថាអ៊ីរ៉ង់ ឬក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់នៅក្នុង តំបន់អាចជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់៤គ្រឿងនៅឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ការ វាយប្រហារលើកប៉ាល់ដឹកប្រេងទាំងនេះ ដែលកើតឡើងចំពេលសហរដ្ឋអាមេរិកកំពុងបង្កើនសកម្មភាពយោធានៅក្នុង តំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យគេនឹកឃើញដល់ដើមកំណើតនៃសង្រ្គាមនៅវៀតណាម។

កាលពីដើមខែសីហា ឆ្នាំ១៩៦៤ មានហេតុការណ៍ស្រដៀងគ្នានេះដែរ កើតឡើងនៅឯឈូងសមុទ្រ Tonkin នៃប្រទេសវៀតណាមខាងជើង (នៅសម័យនោះ) ដោយនៅកាលណោះសហរដ្ឋអាមេរិកបានចោទប្រកាន់ទូកចម្បាំង វៀតណាមខាងជើងថាបានបើកការវាយប្រហារលើនាវាអាមេរិក។ ការចោទប្រកាន់នេះឯងបានជម្រុញឱ្យសភា អាមេរិកអនុញ្ញាតដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននាសម័យនោះប្រកាសសង្រ្គាមជាមួយវៀតណាមខាងជើង។

ក៏ប៉ុន្តែ នៅឆ្នាំ២០០៥ ឯកសារសំងាត់មួយរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ដែលបែកធ្លាយបានបញ្ជាក់ ថាគ្មានទូកចម្បាំងវៀតណាមខាងជើងណាមួយមានវត្តមាននៅអំឡុងដែលការវាយប្រហារនោះកើតឡើងនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានហៅការវាយប្រហារលើកប៉ាល់ដឹកប្រេងនៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមថា ជារឿងគួរឱ្យភ្ញាក់ផ្អើល និងសោកស្ដាយបំផុតហើយថែមទាំងព្រមានដែរថាពីបាតដៃទី៣ ដែលចង់បង្កអស្ថេរភាពនៅក្នុងតំបន់៕

ប្រភព៖ Sputnik (ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩)