(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអាចនឹងជួបជាមួយប្រធានាធិបតី ចិន លោក ស៊ី ជិនពីង នៅខែមិថុនាខាងមុខនេះ ខណៈជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២កាន់តែ ឡើងកម្ដៅ បន្ទាប់ពីចិនប្រកាសពីការដំឡើងពន្ធលើមុខទិញនាំចូលពីសហរដ្ឋអាមេរិកមានទំហំ៦០ពាន់លានដុល្លារ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងចេញពីសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ « រឿងនេះអាចនឹងកើតឡើង...ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថាខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ...ហើយខ្ញុំគិតថាវានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសថានឹងដំឡើងពន្ធលើផលិតផលនាំចូលពី សហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ស្មើ៦០ពាន់លានដុល្លារដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ ទីក្រុងវ៉ាស៊ីនតោនមកលើទំនិញរបស់ប្រទេសចិនមានទំហំជាង២០០ពាន់លានដុល្លារ។
ម្យ៉ាងវិញទៀត បើតាមក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ស្របពេលផលិតផលសរុបប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន ក៏នឹងរងការប៉ះពាល់ពីចំណាត់ការនេះដែរ៕