(ប៉េកាំង)៖ ទីបំផុតរដ្ឋាភិបាលចិនបានប្រកាសថា នឹងដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ ស្មើ៦០ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញរបស់ប្រទេសចិន។ នេះ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅ លើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ខណៈផលិតផលសរុប ប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន នឹងរងការប៉ះពាល់ពីចំណាត់ការនេះ។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចាប់ផ្តើមអនុវត្តន៍ការយកពន្ធ រហូតដល់២៥ភាគរយ ទៅលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ហើយលោកក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំងគួរសម្រេច កិច្ចព្រមព្រៀងឲ្យបានឆាប់ជាមួយប្រទេសលោក ព្រោះថាបើមិនដូច្នោះទេស្ថានការណ៍នឹងកាន់តែអាក្រក់ថែមទៀតសម្រាប់ចិន។ ដោយឡែករដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា នឹងមិនចុះចាញ់ដាក់សម្ពាធពីខាងក្រៅជាដាច់ខាត។
បញ្ហាវិវាទផ្នែកពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ បានផ្ទុះឡើងដំបូងកាលពីពាក់កណ្តាលឆ្នាំមុន ក្រោយពី រដ្ឋាបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើការនាំចូលដែកថែបរបស់ចិន ដោយចាប់ពីនោះមក ទីក្រុងវ៉ាស៊ីនតោននិងទីក្រុង ប៉េកាំងបានប្រកាសដំឡើង ពន្ធសងសឹកគ្នាទៅវិញទៅមក រហូតដល់ចុងឆ្នាំ២០១៨ លោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានឯកភាពគ្នាបើកកិច្ចចរចាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ ប៉ុន្តែមិនទាន់ឃើញបាន ទទួល លទ្ធផល អ្វីនៅ ឡើយទេមកទល់ពេលនេះ៕