(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការវាយប្រហារដោយចេតនាលើនាវាដឹកប្រេងចំនួន៤គ្រឿងនៅឯកំពង់ផែមួយកន្លែងនៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Mousavi បានបញ្ជាក់ទៀតថា ការវាយប្រហារ លើនាវាដឹកប្រេង៤គ្រឿងកាលពីថ្ងៃអាទិត្យ នឹងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សន្តិសុខដឹកជញ្ជូនប្រេង ហើយលោកក៏បានព្រមានផងដែរពីបាតដៃទី៣ ដែលមានបំណងបំផ្លាញស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Mousavi កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត លោក ខាលីដ អាល់ហ្វាលី (Khalid al-Falih) បានឲ្យដឹងថានាវាដឹកប្រេង ០២គ្រឿងរបស់អារ៉ាប៊ីសាអូឌីតស្ថិតនៅក្នុងចំណោមនាវាដឹកប្រេង៤គ្រឿង ដែលរងការខូតខាតដោយការ វាយប្រហារនៅក្នុងដែនសមុទ្រក្បែរទីក្រុងកំពង់ផែ ហ្វ៊ូហ្សៃរ៉ាហ៍ (Fujairah) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម៕