(រីយ៉ាដ)៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា អារ៉ាប៊ីសាអូឌីតបានក្លាយជាប្រទេសនាំចូលអាវុធ ដ៏ធំបំផុតនៅក្នុងពិភពលោកពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាម SIPRI អារ៉ាប៊ីសាអូឌីតក៏ជាម៉ូយទិញអាវុធដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកផងដែរ ដោយគិតពីចន្លោះឆ្នាំ២០១៤ និង២០១៨ ទីក្រុងរីយ៉ាដទទួលបាន ២២ភាគរយ នៃអាវុធដែលសហរដ្ឋអាមេរិកនាំចេញទៅកាន់ពិភពលោក ខណៈចន្លោះពីឆ្នាំ២០០៩ និង២០១៣ ស្ថិតក្នុងអត្រាតែ ៤.៩ភាគរយប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៨ ដដែល អារ៉ាប៊ីសាអូឌីតទទួលបានយន្ដហោះចម្បាំង ៥៦គ្រឿងពីសហរដ្ឋអាមេរិក និង ៣៨គ្រឿងពី ចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា ប្រទេសលក់អាវុធធំបំផុតឱ្យអារ៉ាប៊ីសាអូឌីតមានដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់។ ប៉ុន្តែគួរឱ្យកត់សម្គាល់នោះ បើតាម SIPRI លំហូរចូលអាវុធទៅកាន់តំបន់មជ្ឈិមបូព៌ា មានការកើនឡើងទ្វេដងក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយនេះ ដោយវាគ្មានអ្វីត្រូវឆ្ងល់នោះឡើយព្រោះតំបន់ជាតំបន់ដែលបាន និងកើតមានសង្គ្រាមរាប់ទសវត្សរ៍ មានដូចជាបដិវត្តន៍នៅតំបន់​អាហ្វ្រិកខាងជើងដែលស្ថិតនៅក្បែរខាង, សង្គ្រាមនៅស៊ីរី, ការគំរាមកំហែងដោយក្រុមភេរវករ ISIS, រួមទាំងការប្រជែងគ្នា​រវាងសម្ព័ន្ធមិត្តរុស្ស៊ី និងអាមេរិក នៅក្នុងការអភិវឌ្ឍវិស័យការពារប្រទេសជាដើម៕