(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថាខ្មាន់កាំភ្លើង៣នាក់ បានបើកការបាញ់ប្រហារនៅឯសណ្ឋាគារផ្កាយ ៥មួយកន្លែងស្ថិតនៅក្នុងខេត្ត Balochistan ដោយបានផ្ដាច់ជីវិតសន្តិសុខម្នាក់ ដែលព្យាយាមរារាំងខ្មាន់កាំភ្លើង ទាំងនេះចូលទៅក្នុងសណ្ឋាគារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរប៉ាគីស្ថាន ខ្មាន់កាំភ្លើងមានគោលដៅវាយប្រហារលើសណ្ឋាគារ Zaver Pearl-Continental ក្នុងទីក្រុង Gwadar នៃខេត្ត Balochistan ដែលស្ថិតនៅក្រោមគម្រោងអភិវឌ្ឍរបស់ចិន។ ប៉ុន្តែទន្ទឹមគ្នា មិនមានការបញ្ជាក់លម្អិតពីខ្មាន់កាំភ្លើងឡើយ ដោយគ្រាន់តែអ្នកនាំពាក្យសណ្ឋាគារម្នាក់ឱ្យដឹងថាអំឡុងពេល មានការបាញ់ប្រហារ មិនមានភ្ញៀវ និងបុគ្គលិកច្រើនឡើយដោយសារតែខែនេះគឺជាខែរ៉ាម៉ាឌន។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើបានកើតឡើងនៅម៉ោង១៦៖៥០នាទី កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) រីឯ ក្រុមសកម្មប្រយុទ្ធកងទ័ពរំដោះ Balochistan បានចេញមុខអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារ
នេះ៕