(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា នាថ្ងៃសៅរ៍នេះ អ្នកទោសច្រើនជាង១០០នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារមួយកន្លែង នៅកោះស៊ូម៉ាត្រា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់ ពន្ធនាគារដែលអ្នកទោសទាំងអស់នោះបានរត់គេចខ្លួន ស្ថិតនៅស្រុក Siak លើកោះស៊ូម៉ាត្រា ហើយវាបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍នេះ ក្រោយពីមានផ្ទុះអំពើហិង្សានិងគ្រោះអគ្គីភ័យនៅក្នុងមន្ទីរឃុំឃាំងនេះ។ មេប៉ូលិសប្រចាំតំបន់បានប្រាប់ថា អាជ្ញាធរឥណ្ឌូណេស៊ីបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីតាមចាប់ក្រុមទណ្ឌិតទាំងនោះ ខណៈអ្នកទោសចំនួន១១៥នាក់ហើយត្រូវឃាត់ខ្លួនបានមកវិញ។ ប៉ុន្តែមួយចំនួនទៀតនៅមិនទាន់រកឃើញនៅឡើយ។
គួរជម្រាបថា កាលពីឆ្នាំ២០១៣ ករណីហែកគុកបែបនេះបានកើតមានឡើងជាញឹកញាប់ នៅប្រទេសឥណ្ឌូណេស៊ី ដោយក្នុងនោះរួមមានទាំងករណីអ្នកទោសប្រមាណជា១៥០នាក់ បានរត់គេចខ្លួនពីពន្ធនាគារ៕