Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការវេណេស៊ុយអេឡា «ចេញបញ្ជាឲ្យបញ្ជូនអនុប្រធានសភាបក្សប្រឆាំងដាក់គុក» ពាក់ព័ន្ធនឹងអំពើភេរវកម្ម (Video inside)

11-05-2019 11:54

(ការ៉ាកាស់)៖ តុលាការពិសេសរបស់វេណេស៊ុយអេឡា បានចេញដីកាបញ្ជូនអនុប្រធានសភា នៃបក្សប្រឆាំងលោក អ៊ែដហ្គា ហ្សាំប្រាណូ (Edgar Zambrano) ទៅឃុំឃាំងក្នុងពន្ធនាគារដោយអះអាងថា រូបលោកមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលបានប្រព្រឹត្តនៅក្នុងទីក្រុងការ៉ាកាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីសម្រេចរបស់តុលាការវេណេស៊ុយអេឡានោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបញ្ជូនលោក Edgar Zambrano ដាក់ពន្ធនាគារត្រូវបានសម្រេចធ្វើឡើង ក្រោយពីលោកត្រូវបានដកអភ័យឯកសិទ្ធិ ដោយសភាធម្មនុញ្ញវេណេស៊ុយអេឡា...»លោក Edgar កំពុងស្ថិតនៅក្នុងការឃុំឃាំងជាបណ្តោះអាសន្ន នៅក្នុងទីបញ្ជាការប៉ូលិសជាតិ វេណេស៊ុយអេឡា នៅសង្កាត់ហ្វតធ្យូណា (Fort Tiuna) នៃទីក្រុងការ៉ាកាស់។ សហរដ្ឋអាមេរិកក៏ធ្លាប់បានអំពាវនាវឲ្យរបបដឹកនាំ ម៉ាឌូរ៉ូ ដោះលែងលោក Edgar និងអ្នកទោសនយោបាយជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ (ពេលវេលានៅវេណេស៊ុយអេឡា) មេដឹកនាំបក្សប្រឆាំងនានារួមទាំងលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ដែលជាមេចលនា ធំជាងគេ បានចូលរួមជាមួយកងកម្លាំងយោធាមួយក្រុមតូច ក្នុងគោលដៅបង្កការបះបោរ ដើម្បីទម្លាក់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ប៉ុន្តែដោយសារតែរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការធំៗក្នុងជួរកងទ័ពវេណេស៊ុយអេឡា នៅបន្តការពារលោក ម៉ាឌូរ៉ូ នោះទើបផែនការទាំងមូលបានទទួលបានបរាជ័យ៕