Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសចិនមិនចុះញ៉មជាដាច់ខាត ទោះបីជាការដាក់សម្ពាធរបស់អាមេរិក ធ្ងន់ធ្ងរដល់កម្រិតណាក៏ដោយ... (Video inside)

11-05-2019 11:18

(ប៉េកាំង)៖ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិក ជុំលើកចុងក្រោយគេ ទើបតែបានបិទបញ្ចប់ទៅនៅឯរដ្ឋធានីវ៉ាស៊ីនតោន ប្រព័ន្ធផ្សព្វផ្សាយចិន បានចង្អុលបង្ហាញពីចំណុចធំៗចំនួន ០៣ ដែលនៅបន្តជាបញ្ហាក្នុងវិវាទពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋចិន People's Daily និងទីភ្នាក់ងារព័ត៌មាន Xinhua បានបញ្ជាក់ទៀតថា ចំណុចធំៗទាំងនោះ គឺការលុបចោលនូវការដំឡើងពន្ធបន្ថែម ព្រមទាំងអតុល្យភាព​នៃការធ្វើពាណិជ្ជកម្ម និងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងដែលស្មើភាពគ្នា។ សារព័ត៌មានចិន People's Daily បានចុះផ្សាយយ៉ាងដូច្នេះថា «ចិននឹងគ្មានថ្ងៃចុះញ៉ម​​ចំពោះការដាក់សម្ពាធរបស់អាមេរិកឡើយ ទោះជាវាធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ។ ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ហើយថា រាល់ការដំឡើងពន្ធលើមុខទំនិញ គួរត្រូវតែលុបបំបាត់ចោលទាំងអស់ ហើយ ការធ្វើពាណិជ្ជកម្មត្រូវមានតុល្យភាព រីឯលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង ក៏ត្រូវស្មើភាព និងអាចទទួលយកបានដោយប្រជាជនចិន ព្រមទាំង មិនប៉ះពាល់ដល់អធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសចិនឡើយ»

ចំណែកទីភ្នាក់ងារព័ត៌មាន Xinhua ក៏បានលើកឡើងដែរថា ការដកចេញវិញនូវរាល់ការដំឡើងពន្ធបន្ថែម ក៏ជាការទាមទាររបស់ អាជីវកម្មនៅសហរដ្ឋអាមេរិកផ្ទាល់ផងដែរ ម៉្យាងវិញទៀតវាគឺជាអ្វីដែលប្រទេសទាំងពីរ ត្រូវការដើម្បីបង្ហាញពីភាពអំណត់ និងតស៊ូដើម្បីជម្នះបញ្ហានានា។

គួរជម្រាបថា បើតាមឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហេ (Liu He) ដែលបានដឹកនាំប្រតិភូចិនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួម កិច្ចចរចាពាណិជ្ជកម្ម​នាសប្តាហ៍នេះបានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបើកកិច្ចចរចា​បន្តទៀតនៅសប្តាហ៍ក្រោយក្នុងទីក្រុងប៉េកាំង៕