Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន៖ កូរ៉េខាងជើងរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត តាមរយៈការបាញ់មីស៊ីលផ្លោងជាថ្មី! (Video inside)

10-05-2019 15:09

(តូក្យូ)៖ រាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលជាដែនដីស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហារ នៃមីស៊ីលចម្ងាយមធ្យមរបស់កូរ៉េខាងជើងនោះ បានលើកឡើងថា ការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង គឺជាការបំពានយ៉ាងច្បាស់ក្រឡែត ទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលបានហាមឃាត់មិនឲ្យមានការធ្វើតេស្តមីស៊ីលផ្លោង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

ខណៈទាំងយោធាអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផ្ទាល់ សុទ្ធតែបានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ជាថ្មីម្តងទៀត នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបាញ់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ ហេតុដូច្នេះហើយរដ្ឋាភិបាលទីក្រុងតូក្យូបានលើកឡើងថា រាល់ការធ្វើតេស្តមីស៊ីលផ្លោងគ្រប់ប្រភេទ គឺសុទ្ធតែជាការបំពានទៅលើសេចក្តីសម្រេច​របស់អង្គការសហប្រជាជាតិ។

គួរជម្រាបថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍មីស៊ីលយ៉ាងតិច ០២គ្រាប់ ត្រូវបានបាញ់ចេញពីភាគពាយ័ព្យប្រទេសកូរ៉េខាងជើង ហើយបានធ្វើដំណើរប្រហែលជាង ៣០០គីឡូម៉ែត្រ ឆ្ពោះទៅភាគខាងកើតមុនធ្លាក់ចូលផ្ទៃសមុទ្រ។ ពាក់ព័ន្ធស្ថានការណ៍នេះ រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិក លោក ផាទ្រីក សាណាហាន (Patrick Shanahan) បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តប្រើផ្លូវការទូត ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ប៉ុន្តែទន្ទឹមគ្នានេះអាមេរិកក៏នឹងធានាឲ្យបាន នូវសមត្ថភាពប្រុងជើងការរបស់ខ្លួនផងដែរ ក្នុងករណីដែលមធ្យោបាយការទូតទទួលបរាជ័យទាំងស្រុង។ រីឯលោក ដូណាល់ ត្រាំ វិញបានឲ្យដឹងថា ប្រទេសលោកនឹងនៅរង់ចាំបន្តតាមដានស្ថានការណ៍។

យ៉ាងណាមិញនាថ្ងៃសុក្រនេះ កូរ៉េខាងជើងក៏បានប្រកាសត្រៀមធ្វើសមយុទ្ធយោធា បាញ់មីស៊ីលទ្រង់ទ្រាយធំមួយផងដែរ ដែលនឹងអាចធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ កាន់តែកើនឡើងកម្តៅជាថ្មីវិញ ខណៈអ្នកវិភាគមួយចំនួនមើលឃើញថា កូរ៉េខាងជើង​កំពុង​ប្រើមធ្យោបាយដដែលនេះ ដើម្បីទាក់ទាញអាមេរិកឲ្យស្វែងរកកិច្ចចរចាជាថ្មី បន្ទាប់ពីកិច្ច​ប្រជុំកំពូល ត្រាំ-គីម នៅប្រទេសវៀណាមបានទទួលបរាជ័យ៕