(វ៉ាស៊ីនតោន)៖ ប្រតិភូរដ្ឋាភិបាលចិនបានបង្ហាញការសោកស្តាយជាទីបំផុត ចំពោះការសម្រេចដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មកលើទំនិញ ២០០ពាន់លានដុល្លាររបស់ចិន ដែលបានចាប់ផ្តើមអនុវត្តន៍នាថ្ងៃសុក្រនេះតែម្តង ក្រោយមិនអាចឈានដល់កិច្ចព្រមព្រៀង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។
ហេតុដូច្នេះទីក្រុងប៉េកាំងនឹងត្រូវចាប់វិធានការឆ្លើយតបទៅវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមមន្រ្តីចិន ដែលកំពុងស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចចរចាជុំលើកទី ១១ ស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក។ ប្រតិភូមន្រ្តីចិនក៏បានបានបង្ហាញភាពជឿជាក់ផងដែរថា ការបន្តកិច្ចចរចាជាថ្មីនេះ នឹងអាចឲ្យភាគីទាំងពីរដោះស្រាយបញ្ហានេះបាន។
គួរជម្រាបថា បើតាមសេចក្តីប្រកាសរបស់សេតវិមាន រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិនឱ្យដល់ ៣២៥ពាន់លានដុល្លារ (ក្នុងនោះ ២០០ពាន់លានដុល្លារ ចាប់ផ្តើមអនុវត្តន៍ពីថ្ងៃសុក្រនេះតែម្តង) ប៉ុន្តែភាគីអាមេរិកនៅតែអះអាងដដែលថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងនៅតែបន្តរហូតអាចឈានដល់កិច្ចព្រមព្រៀងមួយ៕