(យ៉ាងហ្គន)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានព្រមានពីការញុះញង់ ឱ្យមានការធ្វើកុប្បកម្មជាច្រើន នៅក្នុងពន្ធនាគារចំនួន ០៧ កាលពីពីរថ្ងៃមុន ព្រមទាំងបានផងដែរថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតមួយ ដើម្បីស្វែរកការពិតនៅពីក្រោយហេតុការណ៍ទាំងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កុប្បកម្មជាច្រើនបានកើតឡើងនៅក្នុងពន្ធនាគារនៅឯទីក្រុង កាឡាយ (Kalay), ផាអាន (Hpa-an), ស្វេបូ (Shwebo), ម្យីតគ្យីណា (Myitgyina), ដាវ៉ៃ (Dawei), ថារីយ៉ាវ៉ាដឌី (Tharyawaddy) និងទីក្រុង ផាថេន (Pathein) កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

មិនតែប៉ុណ្ណោះនៅក្នុងកុប្បកម្មទាំងនេះ អ្នកទោសជាច្រើនបានលើកឡើង នូវសំណើជាច្រើនដូចៗគ្នា ខណៈអ្នកទោសខ្លះទៀតបានប្រើប្រាស់ទូរស័ព្ទដៃផ្សាយ ផ្ទាល់សកម្មភាពរបស់ពួកគេ លើនៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ ប៉ុន្តែសំណើរបស់អ្នកទោសទាំងនេះមិន ត្រូវបានគេបញ្ជាក់ឡើយ។

គួរជម្រាបថា កុប្បកម្មរបស់អ្នកទោសមីយ៉ាន់ម៉ា កើតមានឡើងចំពេលដែលរដ្ឋាភិបាល លោកស្រី អ៊ុង សានស៊ូជី កំពុងអនុវត្តន៍ការលើកលែងទោស និងដោះលែងអ្នកទោសជាង ២៣,០១៩នាក់ ក្នុងនោះរួមមានទាំងជនបរទេស ១៦នាក់ ចាប់តាំងពីថ្ងៃទី១៧ ខែមេសាមក។ ការដោះលែងអ្នកទោសនេះធ្វើឡើងជាទម្លាប់នៅកំឡុងបុណ្យចូលឆ្នាំថ្មីរបស់ មីយ៉ាន់ម៉ា ដោយផ្អែកលើការកែប្រែអត្តចរិក អាយុ ស្ថានភាពសុខភាព និងស្ត្រីជាដើម៕