(វ៉ាស៊ីនតោន)៖ គណៈកម្មាការទូរគមនាគមន៍សហព័ន្ធអាមេរិក (FCC) បានសម្រេចចិត្តហាមឃាត់ក្រុមហ៊ុនចិន China Mobile ក្នុងការផ្គត់ផ្គង់សេវាកម្មទូរស័ព្ទចូលក្នុងទីផ្សារអាមេរិកដោយសារតែព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។
FCC ធ្វើការសម្រេចចិត្តខាងលើនៅក្នុងការបោះឆ្នោតមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយសំឡេងគាំទ្រ៥ ទល់នឹង០ ដោយបដិសេធសំណើចូលទីផ្សារអាមេរិករបស់ក្រុមហ៊ុន China Mobile។ បន្ថែមពីលើនេះ នាយក FCC លោក Ajit Pai បានបញ្ជាក់ថាទីភ្នាក់ងាររបស់លោកក៏កំពុងពិចារណាឡើងវិញលើការអនុញ្ញាតដែលធ្លាប់បានផ្ដល់ ឱ្យក្រុមហ៊ុន China Telecom និង China Unicom ផងដែរ។
គួរជម្រាបថា គណៈកម្មាការទូរគមនាគមន៍សហព័ន្ធអាមេរិក (FCC) បានអះអាងថាការសម្រេចចិត្តហាមឃាត់ ក្រុមហ៊ុនចិន China Mobile ក្នុងការផ្គត់ផ្គង់សេវាកម្មទូរស័ព្ទដៃចូលក្នុងទីផ្សារអាមេរិក គឺដោយសារតែព្រួយបារម្ភពី បញ្ហាសន្តិសុខជាតិ ដ្បិតក្រុមហ៊ុនចិនមួយនេះគ្រប់គ្រងដោយរដ្ឋាភិបាលចិន៕