(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធជាច្រើនគ្រាប់ នៅថ្ងៃព្រហស្បតិ៍នេះតែម្តង ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ថា អាវុធដែលត្រូវបានបាញ់សាកល្បងនេះគឺជាមីស៊ីល ឬអាវុធប្រភេទអ្វីឲ្យប្រាកដនៅឡើយទេ ប៉ុន្តែវាអាចជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅមុននេះបន្តិច នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធ (មិនទាន់ស្គាល់អត្តសញ្ញាណ) ជាច្រើនគ្រាប់ចេញពីតំបន់ ស៊ីណូរី (Sinori) ឆ្ពោះទៅកាន់តំបន់ភាគខាងកើតនៅម៉ោង ១៦៖៣០នាទីរសៀលនេះ (ម៉ោងនៅក្នុងតំបន់)»។ យោធាកូរ៉េខាងត្បូងបន្ថែមថា អាវុធនេះដែលទំនងជាមីស៊ីលរយៈចំងាយខ្លី ដែលបានហោះក្នុងចំងាយ ៤២០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ការបាញ់សាកល្បងអាវុធខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការធ្វើតេស្ដយានបាញ់គ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្ត្រជាច្រើនគ្រាប់ កាលពីសប្ដាហ៍មុន។
ប៉ុន្តែទន្ទឹមគ្នានោះដែរ យោធាកូរ៉េខាងត្បូងអះអាងថា អាវុធដែលទីក្រុងព្យុងយ៉ាងគឺជាមីស៊ីលរយៈចំងាយខ្លី។ តំបន់ Sinori ស្ថិតនៅចំងាយ ៧៥គីឡូម៉ែត្រពីទីក្រុងព្យុងយ៉ាង និងត្រូវបានអ្នកជំនាញអាមេរិកចាត់ទុកថា ជាទីតាំងបាញ់សាកល្បងមីស៊ីលមួយរបស់កូរ៉េខាងជើង។ ដោយឡែកសហរដ្ឋអាមេរិក មិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ៕