(បាងកក)៖ ទីបំផុតគណៈកម្មការបោះឆ្នោតថៃបានបញ្ចេញលទ្ធផលផ្លូវការនៃការបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ជាលើកដំបូងគិតចាប់តាំងតែពីការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។
១៖ តើលទ្ធផលផ្លូវការនេះនឹងមានន័យយ៉ាងដូចម្តេច ចំពោះគណបក្សនយោបាយធំជាងគេទាំងពីរ គឺបក្សភឿថៃ (Pheu Thai) និង គណបក្ស ផាឡាំង ប្រាចា រ៉ាត់ (Palang Pracha Rath)?
គណៈកម្មការបោះឆ្នោតថៃបានបញ្ជាក់ថា ពុំមានគណបក្សនយោបាយណាមួយ ទទួលបានសំឡេងភាគច្រើនដាច់តែឯងឡើយនៅក្នុងសភាជាន់ទាប ដែលមានអសនៈសរុបទាំងអស់ចំនួន ៥០០ នោះ។ បើតាមលទ្ធផលផ្លូវការ គណបក្សភឿថៃ (Pheu Thai) ដែលជាខ្សែរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន បានឈ្នះអសនៈច្រើនជាងគេគឺ ១៣៦ រីឯគណបក្ស ផាឡាំង ប្រាឆា រ៉ាត់ (Palang Pracha Rath ឬ PPRP) ដែលជាខ្សែរដ្ឋាភិបាលយោធាទទួលបាន ១១៥អសនៈ។ ដូច្នេះគណៈបក្សទាំងពីរសុទ្ធតែត្រូវការ ទៅបញ្ចុះបញ្ចូលគណបក្សដទៃទៀត ដើម្បីចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលចម្រុះ។
២៖ តើការជ្រើសរើសនាយករដ្ឋមន្រ្តីប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីសម្រាប់ដឹកនាំរដ្ឋាភិបាល សភានៃប្រទេសថៃ ដែលក្នុងនោះមានសភាតំណាងរាស្រ្តជាសភាជាន់ទាប និងព្រឹទ្ធសភាជាសភាជាន់ខ្ពស់ ត្រូវធ្វើការបោះឆ្នោតសម្រេចរួមគ្នា។ យ៉ាងណាមិញ ព្រឹទ្ធសភាដែលមាន ២៥០អាសនៈ ហើយសមាជិកនានាត្រូវបានជ្រើសរើសផ្ទាល់ ដោយរដ្ឋាភិបាលយោធានោះ គឺទំនងជានឹង ផ្តល់ការគាំទ្រឲ្យគណបក្ស PPRP ដែលមាននាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា ជាបេក្ខភាពនាយករដ្ឋមន្រ្តី។
ដោយសម្អាងហេតុផលខាងលើនេះហើយ ទើបលោក ប្រយុទ្ធ ចាន់អូចា ត្រូវអ្នកវិភាគមើលឃើញថា នឹងនៅតែបន្តជាប្រមុខរដ្ឋាភិបាលដដែល ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រីជាប់ឆ្នោត មិនមែននាយករដ្ឋមន្ត្រីបានមកដោយរដ្ឋប្រហារទៀតឡើយ។ ដើម្បីជាប់ជានាយករដ្ឋមន្រ្តី បេក្ខភាពនីមួយៗត្រូវការសំឡេងគាំទ្រ ៣៧៦សំឡេង។ បន្ទាប់ពីការចេញលទ្ធផលផ្លូវការ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីត្រូវគេរំពឹងថា នឹងប្រព្រឹត្តនៅប៉ុន្មានសប្តាហ៍ទៀត។
៣៖ តើហេតុអ្វីបានជាការចេញលទ្ធផលផ្លូវការ ត្រូវបានពន្យារពេលយូរបែបនេះ?
ការបោះឆ្នោតសាកលជាលើកដំបូង គិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ មិនបានប្រព្រឹត្តទៅដោយរលូនទាំងស្រុងឡើយ។ ទាក់ទិនភាពមិនប្រក្រតីមួយចំនួន ដែលគេអះអាងថា បានកើតមាននៅក្នុងដំណើរការបោះឆ្នោត គណៈកម្មការរៀបចំបោះឆ្នោតថៃ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ខណៈលទ្ធផលផ្លូវការ ដែលតាមពិតត្រូវចេញផ្សាយនៅត្រឹមប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត ប៉ុណ្ណោះនោះស្រាប់តែត្រូវប្រកាសថា នឹងពន្យារពេលរហូតដល់ខែឧសភានេះទៅវិញ៕
ប្រភព៖ សារព័ត៌មាន BBC (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩)