(វ៉ាស៊ីនតោន)៖ សេតវិមានរដ្ឋធានីវ៉ាស៊ីនតោនបានឱ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ទណ្ឌកម្មលើវិស័យផលិតដែក ដែកថែប អាលុយមីញ៉ូម និងស្ពាន់របស់អ៊ីរ៉ង ខណៈប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោន បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង និងកងយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយអ៊ីរ៉ង់វិញបានប្រកាសបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូម តាមរយៈការដកខ្លួនបន្តិចម្តងៗ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។
ការដាក់ទណ្ឌកម្មខាងលើរបស់សហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមា ចុងក្រោយបំផុតមួយប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីខែឧសភា ឆ្នាំ២០១៨។ បន្ថែមពីលើនេះក្រោយការដកខ្លួន ទីក្រុងវ៉ាស៊ីនតោន ក៏បានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ជាអង្គការភេរវកម្មផងដែរ ហើយអ៊ីរ៉ង់ក៏បានធ្វើបែបនេះដូចគ្នា តបទៅអាមេរិកវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រួហានី បានឱ្យដឹងថា អ៊ីរ៉ង់នឹងផ្អាកការអនុវត្តមួយចំនួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ព្រមទាំងនឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ហើយចំណាត់ការបន្ថែមទៀត ដើម្បីតបស្នងអាមេរិក ក៏នឹងប្រកាសនាពេលបន្តបន្ទាប់ផងដែរ៕