(ម៉ូស្គូ)៖ ពាក់ព័ន្ធនឹងសោកនាដកម្មឆេះយន្តហោះដឹកអ្នកដំណើរ នៅឯព្រលានយន្តហោះក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមស៊ើបអង្កេតការបញ្ជាក់ថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំព្រលានយន្តហោះ ត្រូវបានគេចល័តធ្វើប្រតិបត្តិការ ទាល់តែយន្តហោះបានធ្លាក់អូសដី និងឆាបឆេះក្នុងពេលព្យាយាមចុះចតបន្ទាន់បានប្រមាណ ១នាទី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។
ប្រការខាងលើនេះបានបង្កជាសំណួរថា តើវាគឺជាការឆ្លើយតបរហ័សទាន់ពេលវេលាដែរ ឬយ៉ាងណា? ហើយវាក៏ជាបញ្ហាចោទដ៏សំខាន់មួយ នៅក្នុងដំណើរការស៊ើបអង្កេតផងដែរ។ ល្បឿននៃការឆ្លើយតបចំពោះស្ថានការណ៍បន្ទាន់ ដែលបានបណ្តាលឲ្យមនុស្សសរុបចំនួន ៤១នាក់បាត់បង់ជីវិតនៅក្នុងអណ្តាតភ្លើង បានក្លាយជាបញ្ហាចោទជាចម្បងមួយ ព្រោះយន្តហោះខាងលើនេះ បានឲ្យលោតសញ្ញាបង្ហាញបញ្ហាបច្ចេកទេស បានស្ថិតនៅលើផ្លូវចុះចតរយៈពេលក្រោម ២នាទី មុនពេលរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ដំបូងគេបានចាប់ផ្តើមពន្លត់អគ្គីភ័យ។
គួរជម្រាបថា យ៉ាងណាមិញថេរវេលាដែលក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ របស់ព្រលានយន្តហោះបានទៅដល់កន្លែងកើតហេតុ គឺស្ថិតនៅក្រោមពេលវេលាជាអតិបរមា ក្រោយពីក្រុមការងារអាកាសយានដ្ឋានបានផ្តល់ដំនឹង ដូចអ្វីដែលបាន កំណត់នៅក្រោមច្បាប់របស់ប្រទេសរុស្ស៊ីផ្ទាល់ ក៏ដូចជានៅក្រោមស្តង់ដាអន្តរជាតិ។
ដូច្នេះហើយហេតុអ្វីបានជា ការប្រកាសអាសន្នត្រូវបានធ្វើឡើងក្រោយការចុះចតបន្ទាន់ ប៉ុន្តែមិនមែនធ្វើឡើងមុនពេលនោះទៅវិញ ដ្បិតព្រលានយន្តហោះបានទទួលដំណឹងមុនរួចទៅហើយថា នឹងមានការចុះចតជាបន្ទាន់របស់យន្តហោះដែលមានបញ្ហា។ ទាក់ទងនឹងចម្ងល់នេះ មិនទាន់មានការចេញមុខបកស្រាយណាមួយនៅឡើយទេ ប៉ុន្តែវាបានក្លាយជាមេរៀនដ៏អាក្រក់មួយ ផ្នែកគ្រប់អាកាសចរណ៍ទាំងអស់ត្រូវយល់ដឹង និងបង្កើតកម្រិតគ្រប់គ្រងស្ថានការណ៍អាសន្ន៕