(បាងកក) ៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) បានបរិច្ចាគថវិកា ជាង២.៤ពាន់លានបាត (ជាង៧៥លានដុល្លារអាមេរិក) ទៅកាន់មន្ទីរពេទ្យចំនួន២៧កន្លែង នៅទូទាំងប្រទេសថៃ សម្រាប់ទិញឧបករណ៍វេជ្ជសាស្ត្រថ្មី, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៨ ខែឧសភានេះ។
បន្ថែមពីការប្រើប្រាស់ សម្រាប់ទិញសម្ភារៈ បរិក្ខាថ្មី, ថវិកាបរិច្ចាគនេះ ក៏នឹងយកទៅប្រើប្រាស់ ដើម្បីជួយមន្ទីរពេទ្យ ក្នុងការសាងសង់ អគារថ្មី ក្នុងផ្នែកវេជ្ជសាស្ត្រ ផងដែរ។
គួរជម្រាបថា ផ្នែកមួយចំនួន នៃថវិកា២.៤ពាន់លានបាតនេះ គឺបានមកពីការបរិច្ចាគ ដែលផ្តល់ដោយសាធារណជន នៅអំឡុងពេល ពិធីបុណ្យសព ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយព្រះទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
ផ្នែកមួយចំនួនផ្សេងទៀត នៃថវិកានេះ បានយកមកពីប្រាក់ចំណូល នៃពិធីបុណ្យ «Un Ai Rak Khlai Khwam Nao» ដែលបានធ្វើឡើង នៅវិមាន Royal Plaza ស្ថិតក្នុងទីក្រុងបាងកក៕