(រ៉ង់ហ្គូន)៖ យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍បង់ក្លាដែសប៊ីម៉ាន (Biman Bangladesh Airlines) បានធ្លាក់ចេញពីផ្លូវនៅកំឡុងពេលព្យាយាមចុះចត ក្នុងអាកាសយានដ្ឋាន អន្តរជាតិរ៉ង់ហ្គូន នៃប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
ស៊ីនហួរបានដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ាបន្ថែមទៀតថា យន្តហោះដែលបានធ្លាក់ខាងលើនេះ គឺមានលេខសម្គាល់ S2-AGQ - Bombardier Dash 8 Q400 ជាកម្មសិទ្ធិរបស់អាកាសចរណ៍បង់ក្លាដែស បានធ្វើដំណើរមកពី ប្រទេសបង់ក្លាដែស ឆ្ពោះមកកាន់ទីក្រុងរ៉ង់ហ្គូនរបស់មីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។
បើតាមអាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ា យន្តហោះខាងលើនេះបានព្យាយាមចុះចត ប៉ុន្តែមិនបានសម្រេចក៏ធ្លាក់ និងរអិលទៅលើវាលស្មៅ នៅក្បែរផ្លូវហោះឡើង និងចុះចតរបស់ អាកាសយានដ្ឋានខាងលើនេះតែម្តង។ មិនទាន់មានការបញ្ជាក់ថា យន្តហោះខាងលើនេះ ដឹកមនុស្សប៉ុន្មាននាក់ និងមានជនរងគ្រោះប៉ុន្មាននាក់ក្រោយគ្រោះថ្នាក់នោះឡើយ ប៉ុន្តែបើតាមរូបភាព គេឃើញតួយន្តហោះទាំងមូលត្រូបាក់ខ្ទេចខ្ទី ខណៈមូលហេតុដែលបង្ក រឿងនេះឡើង ទំនងជាដោយសារកត្តាអាកាសធាតុ ឬបច្ចេកទេស៕