(ឡុងដ៍)៖ បំណែកស្នូលដ៏សំខាន់មួយនៃក្រុមថ្ម Stonehenge ដែលមានទីតាំងនៅចក្រភពអង់គ្លេស ត្រូវប្រកាសឲ្យដឹងថា បានរកឃើញវិញហើយ ក្រោយពីវាបានបាត់ដំណឹងអស់រយៈពេល៦០ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
ថ្មស្នូលមានរាងដូចកូនដំបងមួយដើម ត្រូវបានគេស្វានចេញពីថ្មនៅក្នុងតំបន់ថ្មបុរាណ Stonehenge ភាគខាងជើងចក្រភពអង់គ្លេស កាលពីអំឡុងកិច្ចការងារអភិរក្សមួយ នៅឆ្នាំ១៩៥៨។ ខណៈនោះនៅពេលស្វានចេញយកមក ពុំមាននរណាម្នាក់ដឹងច្បាស់ថាវានៅទីណានោះទេ ហើយក៏ត្រូវបានគេសន្មត់ថាបាត់តែម្តង។
គួរជម្រាបថា កាលពីឆ្នាំ១៩៥៨ ក្រុមបុរាណវិទូបានធ្វើការស្តាក្រុមថ្មបីដុំគេហៅថា Trilithon (២ឈរនិង១ផ្តេកនៅពីលើ) ដែលបានដួលរលំ នៅតំបន់ Stonehenge ឲ្យមានសភាពដូចដើមឡើងវិញ។ អំឡុងពេលធ្វើកិច្ចការនោះ ស្នាមប្រេះក៏ត្រូវបានប្រទះឃើញនៅក្នុងដុំថ្មមួយនៃថ្មបញ្ឈរទាំងពីរ ដូច្នេះហើយដើម្បីជួយទប់លំនឹងរបស់វា គេក៏បានសម្រេចស្វានយកស្នូលថ្មចំនួន០៣មានប្រវែងប្រមាណជា០១ម៉ែត្រៗចេញពីថ្មនោះ ដើម្បីស៊កដងដែកចូលជំនួសវិញ។
ក្នុងចំណោមស្នូលថ្មទាំងបី មួយដើមត្រូវបានលោក Robert Phillips ដែលកាលនោះជាបុគ្គលរបស់ក្រុមហ៊ុនមួយពាក់ព័ន្ធនឹងកិច្ចការងារអភិរក្សខាងលើ លាក់យកទៅរក្សាទុករហូតមកទាល់តែមកដល់ខែឧសភា ឆ្នាំ២០១៨ ខណៈលោកមានវ័យ៨៩ឆ្នាំទៅហើយនិងកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិក ទើបតែសម្រេចប្រគល់មកឲ្យអាជ្ញាធរថែរក្សាតំបន់ Stonehenge គឺ English Heritage វិញ។ ស្ថាប័ន English Heritage ទើបប្រកាសឲ្យដឹងជាសាធាណៈ នាពេលនេះប៉ុណ្ណោះ។
ខណៈបំណែកស្នូល០២ទៀត នៅតែមិនដឹងនៅទីណា ស្ថាប័ន English Heritage បានអំពាវនាវឲ្យបុគ្គលទាំងឡាយណា ដែលមានដំណឹងអំពីពួកវាទាក់ទងមកខ្លួន ព្រោះវត្ថុទាំងនេះមានសារសំខាន់ជាខ្លាំង ដែលអាចជួយឲ្យក្នុងកំណត់ឲ្យបានច្បាស់ថា តើក្រុមថ្ម Stonehenge នេះ មានប្រភពមកពីណាឲ្យប្រាកដ៕