(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan នៅថ្ងៃពុធនេះបាននិយាយថាការគំរាមកំហែង ធំបំផុតដល់និរន្តរភាពនៃទឹកទន្លេ Johor ក្នុងប្រទេសម៉ាឡេស៊ី នោះគឺកង្វះខាតកិច្ចការពារបរិស្ថាន ខណៈសិង្ហបុរី ផ្ទាល់កំពុងព្រួយបារម្ភខ្លាចក្រែងទឹកទន្លេនេះរីងហួត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
លោក Balakrishnan ធ្វើការកត់សម្គាល់បែបនេះគឺចង់សំដៅទៅលើការបំពុលចំនួន៧ករណី ដែលបង្កឡើងដោយ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក PUB's Johor River Waterworks លើទឹកទន្លេ Johor។ ពោលគឺកាលពីថ្ងៃទី៤ ខែមេសា កន្លងទៅ សារធាតុអាម៉ូញាក់ក្នុងកម្រិតខ្ពស់ ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេនេះ ហើយហេតុការណ៍ទាំងនេះ ក៏បានបង្ខំឱ្យក្រុមហ៊ុនមួយនេះបញ្ឈប់ប្រតិបតិ្តការជាបណ្ដោះអាសន្នផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Balakrishnan នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានបង្ហាញការព្រួយ បារម្ភជាខ្លាំងចំពោះការបំពុលទឹក និងស្នើឱ្យខាងម៉ាឡេស៊ីថែរក្សាការពារគុណភាពទឹកនៃទន្លេ Johor ដើម្បីផលប្រយោជន៍រវាងប្រទេសទាំង២៕