(ម៉ានីល)៖ យោងតាមរបាយការណ៍របស់អាជ្ញាធរស្ថិតិ នៃប្រទេសហ្វីលីពីន PSA បានបង្ហាញថា ចិនគឺជាអ្នកផ្គត់ផ្គង់ធំជាងគេបង្អស់ នៃមុខទំនិញដែលនាំចូលមកហ្វីលីពីន ក្នុងខែមីនា ឆ្នាំ២០១៩ ជាមួយចំណែក២១.៤ភាគរយនៃទំនិញនាំចូលសរុប។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
បើតាមរបាយការណ៍ពីអាជ្ញាធរហ្វីលីពីន ទំហំទំនិញចិនដែលនាំចូលមកប្រទេសហ្វីលីពីន ក្នុងខែមីនាកន្លងទៅបានកើនដល់ ១.៩២ពាន់លានដុល្លារ ពីចំនួន ១.២៨ពាន់លានដុល្លារ ក្នុងខែដូចគ្នាកាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះស្ថាប័ន PSA បានឲ្យដឹងថា ជប៉ុនឈរនៅលេខរៀងទី ២ កាលពីខែមីនា ជាមួយទំហំទំនិញនាំចូល ៨៨២.៨៧លានដុល្លារ ឬស្មើនឹងចំណែក ៩.៨ភាគរយ ខណៈអាមេរិកនៅលេខ ៣ ជាមួយ ទំនិញនាំចូលគិតជាទំហំកើនដល់ ៧១២.៤៣លានដុល្លារ ឬចំណែក ៧.៩ភាគរយ ដោយការនាំចូលពីប្រទេសទាំងពីរនេះ សុទ្ធតែមានការកើនឡើង។
គួរជម្រាបថា រីឯលេខ ៤ វិញគឺកូរ៉េខាងត្បូង ដែលមានទំហំនៃទំនិញនាំចូល ៧០១.៨៦ដុល្លារ ឬស្មើនឹងចំណែក ៧.៨ភាគរយ ដែលវាគឺជាការថយចុះធៀបនឹងខែមីនា ឆ្នាំ២០១៨។ សម្រាប់លេខរៀងទី ៥ គឺប្រទេសថៃ ដែលមានទំនិញនាំចូលទំហំ ៥៥១.៧១លានដុល្លារ ឬស្មើនឹងចំណែក ៦.១ភាគរយ ដោយការនាំចូលពីថៃក៏បានធ្លាក់ចុះផងដែរ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០១៨៕