(តេហេរ៉ង់)៖ ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃពុធនេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់នឹងផ្អាកការអនុវត្តលើចំណុចមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយលិខិតបញ្ជាក់ពីការសម្រេចចិត្ត របស់លោកប្រធានាធិបតី ហាសាន់ រួហានី ក៏ត្រូវបានផ្ញើជូនទៅកាន់មន្ត្រីទូត អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់រួចហើយដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
តាមរយៈស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក រូហានី បានសង្កត់ធ្ងន់ថា ៦០ថ្ងៃក្រោយនៃការសម្រេចចិត្តនេះ អ៊ីរ៉ង់នឹងផ្អាកការប្ដេជ្ញាចិត្តរបស់ខ្លួនកន្លងមកបន្ថែមទៀត ហើយនឹងចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ។ បន្ថែមពីលើនេះ លោក រូហានី បានបញ្ជាក់ថាអ៊ីរ៉ង់ក៏នឹងបញ្ឈប់ការលក់ម្សៅអ៊ុយរ៉ាញ៉ូមពណ៌លឿង (yellowcake) និងសារធាតុទឹក-អាតូមិក (heavy water) ដែលជាសារធាតុចាំបាច់ នៅក្នុងសង្វាក់ប្រព្រឹត្តកម្មនុយក្លេអ៊ែរផងដែរ។
ប៉ុន្តែអ្វីដែលសម្គាល់ការសម្រេចចិត្តរបស់ទីក្រុងតេហេរ៉ង់ កើតមានឡើងក្រោយសហរដ្ឋអាមេរិក ប្រកាសបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង និងកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ាដោយអះអាងថា ដើម្បីការពារផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ក្រោយអាមេរិកបានទទួលព័ត៌មានសម្ងាត់ថា អ៊ីរ៉ង់កំពុងត្រៀមបង្កហេតុ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ សំដៅបើកផ្លូវដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។ ប៉ុន្តែប្រទេសជា ហត្ថលេខីដទៃរួមមាន អង់គ្លេស បារាំង ចិន អាល្លឺម៉ង់ និងរុស្ស៊ីបានបញ្ជាក់ថា ពួកគេនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះឡើយ ខណៈទីក្រុងតេហរ៉ង់ព្រមានថា បើកិច្ចព្រមព្រៀងនុយក្លេអ៊េរត្រូវបានបំផ្លាញ នោះវានឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល៕