(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបបានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃអង្គារសប្តាហ៍នេះថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក ព្រមទាំងការនៅតែបន្តប្រកាន់យក គោលនយោបាយបែបគាំពារនិយម គឺស្ថិតនៅក្នុងចំណោមហានិភ័យខ្ពស់ៗ ទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
គណៈកម្មការអឺរ៉ុប ដែលជាអង្គប្រតិបត្តិដ៏សំខាន់មួយនៃសហភាពអឺរ៉ុប (EU) នោះបានសរសេរនៅក្នុងរបាយការណ៍សេដ្ឋកិច្ចចុងក្រោយរបស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពនានាដើម្បីជម្រុញឲ្យសេដ្ឋកិច្ចខ្លួន កាន់តែមានសក្តានុពល ប៉ុន្តែវាបែរជាជះផលអវិជ្ជមានទៅវិញនោះទេ នោះគឺទៅលើនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវបានក្រុមអ្នកជំនាញមើលឃើញថា សេដ្ឋកិច្ចអាមេរិកនឹងជួបឱនភាពនៅពេលខាងមុខ។
បើតាមការគណនារបស់ស្ថាប័ន EU សហរដ្ឋអាមេរិកទទួលបានកំណើតសេដ្ឋកិច្ចតែ ២.៩ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៨ ហើយវានឹងធ្លាក់ចុះមកនៅត្រឹម ២.៤ភាគរយនៅឆ្នាំ២០១៩ និង ១.៩ភាគរយនៅឆ្នាំ២០២០។
របាយការណ៍សេដ្ឋកិច្ចរបស់ EU ដដែលបានក្រើករំលឹកថា «ភាពមិនច្បាស់លាស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែមានកម្រិតខ្ពស់ ខណៈនយោបាយគាំពារនិយមប្រកបដោយហានិភ័យ នៅតែកំពុងបន្តអនុវត្តន៍ ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក...»។ ហេតុដូច្នេះសហភាពអឺរ៉ុបបានធ្វើការព្រមាន ចំពោះគោលនយោបាយគ្រប់គ្រងរូបិយវត្ថុរបស់
សហរដ្ឋអាមេរិក ដែលអាចបង្កឲ្យមានអតុល្យភាព និងភាពងាយរងគ្រោះកាន់តែធ្ងន់ធ្ងរ បង្កឡើងដោយវិវាទពាណិជ្ជកម្មចិន-អាមេរិក ដែលមិនទាន់រកច្រកចេញឃើញនោះ៕