(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) បានអំពាវនាវឲ្យប្រទេសនានានៅជុំវិញពិភពលោក «ដកចេញវិញនូវបំរាមធ្វើដំណើរ» ដែលត្រូវបានដាក់ចេញនាពេលកន្លងមកនេះ សម្រាប់ប្រជាជនរបស់ពួកគេ ក្រោយមានករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើក កាលពីថ្ងៃបុណ្យ Easter នៃសាសនាគ្រិស្ត ព្រោះថាប្រទេសរបស់លោកមានសុវត្ថិភាពដូចដើមវិញហើយ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
លោក Sirisena បានធ្វើការអំពាវនាវបែបនេះ ក្នុងឱកាសនៃការជូនដំណឹងដល់ មន្រ្តីបម្រើការទូតរបស់បរទេស ព្រមទាំងអ្នកតំណាងនៃអង្គការអន្តរជាតិនានា ប្រចាំនៅប្រទេសស្រីលង្កា ស្តីពីវឌ្ឍនភាពនៃប្រតិបត្តិការបង្រ្កាបក្រុមភេរវករ របស់កងកម្លាំងសន្តិសុខស្រីលង្កា នាពេលប៉ុន្មានសប្តាហ៍មកនេះ។
បើតាមប្រមុខដឹកនាំស្រីលង្កា លោក Sirisena ក្រុមជនសង្ស័យស្ទើរតែទាំងអស់ ដែលមានជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារដោយអត្តឃាត កាលពីខែមេសាកន្លងទៅ គឺត្រូវបានចាប់ខ្លួន ឬក៏បានបាត់បង់ជីវិត កំឡុងពេលអាជ្ញាធរស្រីលង្កាព្យាយាមឃាត់ខ្លួន ខណៈនៅតែ០២ទៅ០៣នាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់ក្របួចបាន។
គួរជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនៗគ្នា បានកើតមានឡើងនៅក្នុងប្រទេសស្រីលង្កា ដែល បានបណ្តាលឲ្យមនុស្សជាង ២៥០នាក់ស្លាប់ និងប្រមាណ ៥០០នាក់រងរបួស។ រីឯក្រុមដែលនៅពីក្រោយការវាយប្រហារទាំងនេះ គឺក្រុមភេរវករនៅស្រីលង្កាផ្ទាល់ រួមជាមួយក្រុមភេរវករ ISIS៕