(បាកដាដ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាមេរិកចង់ឃើញអ៊ីរ៉ាក់ «ក្លាយជាប្រទេសឯករាជ្យ» និងមិនរណបប្រទេសដទៃ ហើយលោកថ្លែងបែបនេះនៅកំឡុងនៃការបំពេញទស្សនកិច្ចដោយឥតព្រាងទុកមួយ ទៅកាន់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
ការបំពេញដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងកាន់តែជាមួយអ៊ីរ៉ង់។ ជាក់ស្ដែងនៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក បាហាម សាឡេហ៍ (Barham Saleh) និងនាយករដ្ឋមន្ត្រី លោក អាឌែល អាប់ឌែល ម៉ាហឌី (Adel Abdel Mahdi) រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានប្រាប់មេដឹកនាំទាំងពីរផងដែរថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាខ្លាំង ចំពោះអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ដោយសារការកើនឡើងនៃឥទ្ធិពល កាន់តែខ្លំាងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមលោក ប៉ុមប៉េអូ មេដឹកនាំអ៊ីរ៉ាក់បានសន្យាជាមួយលោកថា ទីក្រុងបាកដាដនឹងធានាការពារ ផលប្រយោជន៍អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឈមមុខនឹងការកើនឡើងនៃសកម្មភាព និងឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដោយឡែកខាងមន្ទីរបញ្ចកោណវិញ ក៏ទើបបានប្រកាសផងដែរថា អាមេរិកនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៤គ្រឿងមកកាន់មជ្ឈិមបូព៌ា បន្ថែមពីលើនាវាដឹកយន្តហោះចម្បាំង និងយន្តហោះចម្បាំងដែលមានស្រាប់ ក្រោយទីក្រុងវ៉ាស៊ីនតោនទទួលបានព័ត៌មានសម្ងាត់ថា អ៊ីរ៉ង់កំពុងត្រៀមបង្កហេតុ៕