(ញូយ៉ក)៖ សហរដ្ឋអាមេរិកគួរតែចូលរួមជាមួយចិន ក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវ ដើម្បីផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ និងរួមចំណែកដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទូទាំងសកលលោកជាមួយគ្នា។ នេះបើតាមមន្ត្រីការទូតជាន់ខ្ពស់ចិនម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
អគ្គកុងស៊ុលចិនប្រចាំទីក្រុងញូយ៉កលោក ហ័ង ពីង (Huang Ping) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងអត្ថបទមួយចុះផ្សាយដោយសារព័ត៌មាន ភីតស័ប៊ឺក ប៉ុស្តិ៍ហ្គាសេត (Pittsburgh Post-Gazette)។ លោក Ping បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវ គួរតែត្រូវប្រើជាតំណភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិន សំដៅដោះស្រាយបញ្ហាអភិវឌ្ឍនៅទូទាំងពិភពលោក តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម, គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែចោទប្រកាន់ថា គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវគឺជាអន្ទាក់បំណុល និងថែមទាំងព្រមានឱ្យបណ្ដាប្រទេសទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះការទទួលជំនួយពីចិនផងដែរ។ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់ទាំងនេះ ខណៈបណ្តាប្រទេសជាច្រើននៅអាស៊ី និងអាហ្វ្រិក បានមើលឃើញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាការបើកចំហច្រកទ្វាររបស់ពួកគេទៅកាន់ពិភពលោកកាន់តែទូលំទូលាយជាងមុន ដែលអាចជួយឲ្យការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែលឿន៕