(ហ្សាការតា)៖ ទីភ្នាក់ងារជាតិឃ្លាំមើលបន្ទុះភ្នំភ្លើងនៃប្រទេសឥណ្ឌូណេស៊ី បានជូនដំណឹងឲ្យយន្តហោះទាំងឡាយ ដែលមានផ្លូវធ្វើដំណើរឆ្លងកាត់ក្បែរភ្នំភ្លើង Sinabung នៅកោះស៊ូម៉ាត្រា បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីវាបានបញ្ចេញផ្សែងនិងផេះកម្ពស់រាប់ពាន់ម៉ែត្រឡើងទៅលើផ្ទៃអាកាស ដែលអាចបង្កជាគ្រោះថ្នាក់បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
ភ្នំភ្លើង Sinabung មានកម្ពស់២,៤៧៥ម៉ែត្រ ស្ថិតនៅស្រុក Karo នៃខេត្តស៊ូម៉ាត្រាភាគខាងជើង ហើយវាបានបញ្ចេញសកម្មភាពផ្ទុះ នៅថ្ងៃអង្គារនេះ ដោយបានជះកម្អែរផេះនិងផ្សែងហុយទ្រលោមឡើងទៅលើមេឃកម្ពស់ប្រមាណ២,០០០ម៉ែត្រ ឆ្ពោះទៅភាគខាងកើតនិងភាគអាគ្នេយ៍នៃមាត់ភ្នំភ្លើង។ ដូច្នេះហើយ ដោយសារតែខ្លាចមានគ្រោះថ្នាក់ដល់ការហោះហើរ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញសារជូនដំណឹងដល់យន្តហោះនានា ឲ្យមានការប្រយ័ត្នខ្លាំងមែនទែន ហើយនឹងជូនដំណឹងបន្តបន្ទាប់ទៀត ប្រសិនបើស្ថានការណ៍មានការប្រែប្រួល។
គួរជម្រាបថា ភ្នំភ្លើង Sinabung បានចាប់ផ្តើមបញ្ចេញសកម្មភាពជាថ្មីកាលពីឆ្នាំ២០១០ ក្រោយពីវាបានស្ងប់ស្ងាត់ចាប់តាំងពីឆ្នាំ១,៦០០មក ខណៈហេតុការណ៍ផ្ទុះធ្ងន់ធ្ងរលើកចុងក្រោយគេរបស់វា បានកើតមាននៅឆ្នាំ២០១៤ ដោយបានបណ្តាលឲ្យមនុស្ស១៦នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ជម្លៀសខ្លួន៕