(គូឡាឡាំពួរ)៖ រដ្ឋាភិបាលអាមេរិកបានចាប់ផ្ដើមបញ្ជូនប្រាក់ជាង ២០០លានដុល្លារដែលខ្លួនបានរឹបអូស ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត លើករណីពុករលួយ «មូលនិធិរដ្ឋ 1MDB» របស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ឱ្យទៅប្រទេសម៉ាឡេស៊ីវិញហើយ។ នេះបើការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរម៉ាឡេស៊ី និងអាមេរិក ទឹកប្រាក់សរុបប្រមាណ ៤.៥ពាន់លានដុល្លារ ត្រូវបានគេបង្វិលចេញពីមូលនិធិ 1MDB ទៅក្រៅប្រទេសដោយខុសច្បាប់ ប៉ុន្តែមួយភាគបី នៃប្រាក់ទាំងនេះ ក៏ត្រូវបានបញ្ជូនឱ្យម៉ាឡេស៊ីវិញរួចហើយដែរ។ ដោយឡែក បើតាមអគ្គរដ្ឋទូតអាមេរិកប្រចាំម៉ាឡេស៊ី ទីក្រុងវ៉ាស៊ីនតោននឹងប្រគល់ប្រាក់ ១៩៦លានដុល្លារ ឱ្យទីក្រុងគូឡាឡាំពួរវិញសិន នៅក្នុងដំណាក់កាលទី១។
គួរបញ្ជាក់ថា 1MDB គឺជាមូលធិរដ្ឋបង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយអតីត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងជាប់ចោទពីបទពុករលួយជាង ៤០ករណីពាក់ព័ន្ធនឹងមូលនិធិនេះ។ កាលពីឆ្នាំ២០១៦ ក្រសួងយុត្តិធម៌អាមេរិកបាន ដាក់ពាក្យបណ្ដឹងមួយ ដើម្បីរឹបអូសទ្រព្យសម្បត្តិដែលត្រូវបានផ្ទេរពីម៉ាឡេស៊ី ទៅកាន់សហរដ្ឋអាមេរិកគិតជាទឹកប្រាក់ ១.៧ពាន់លានដុល្លារ ដោយអាមេរិកបានចោទថា គឺជាលុយលួចចេញពីមូលនិធិ 1MDB៕