(វ៉ាស៊ីនតោន)៖ ផ្កាយរណបអង្កេតផែនដីមួយគ្រឿងរបស់ក្រុមហ៊ុនអាមេរិក Planet Labs បានចាប់យករូបភាពនៃការធ្វើតេស្ត បាញ់មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
ក្នុងរូបភាពដែលផ្កាយរណបរបស់ក្រុមហ៊ុន Planet Labs ចាប់យកបាននោះ គេឃើញដានផ្សែងរបស់គ្រាប់មីស៊ីល ព្រមទាំងទីតាំងនៃការបាញ់ធ្វើតេស្ត។ បើតាមយោធាកូរ៉េខាងត្បូង បណ្តាគ្រាប់មីស៊ីលរយៈចម្ងាយខ្លី ដែលទីក្រុងព្យុងយ៉ាងបានធ្វើតេស្តកាលពីថ្ងៃសៅរ៍ គឺធ្វើដំណើរបានចម្ងាយចន្លោះពី ៧០-២៤០គីឡូម៉ែត្រ មុនពេលធ្លាក់់ចូលផ្ទៃសមុទ្រនៅភាគខាងកើត។ ប្រព័ន្ធមីស៊ីល ដែលទើបតែធ្វើតេស្តនោះ មិនត្រូវបានដឹងច្បាស់លម្អិតនោះទេ ក៏ប៉ុន្តែគេសង្ស័យថា អាចស្រដៀងនឹងប្រព័ន្ធបាញ់មីស៊ីល 9K720 Iskander របស់រុស្ស៊ី។
គួរជម្រាបថា ការធ្វើតេស្តនោះគឺជាការធ្វើតេស្តមីស៊ីលលើកដំបូងបំផុតរបស់កូរ៉េខាងជើង ក្នុងអំឡុងពេល ១៨ខែកន្លងទៅនេះ។ ការសាកល្បងគ្រាប់មីស៊ីលលើកចុងក្រោយ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង គឺបានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលមីស៊ីលផ្លោងឆ្លងទ្វីប ICBM គ្រាប់ ត្រូវបានធ្វើបាញ់សាកល្បង ដោយវាហោះបាន ៥៤នាទី និងចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើតេស្តនោះត្រូវគេវិភាគឃើញថា មីស៊ីល ICBM របស់កូរ៉េខាងជើង មានរយៈចម្ងាយវាយប្រហាររហូតដល់ទៅ ១៣,០០០គីឡូម៉ែត្រ ដែលល្មមដល់ដែនដីនៅភាគខាងកើតរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែចាប់តាំងពីការធ្វើតេស្តលើកនោះមក កូរ៉េខាងជើងបានជួបចរចាគ្នាជាបន្តបន្ទាប់ ជាមួយក្រុមមន្រ្តីអាមេរិកអំពីបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ហើយប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបើកកិច្ចប្រជុំកំពូលពីរលើកជាមួយគ្នាផងដែរ ប៉ុន្តែលើកចុងក្រោយបានបញ្ចប់ទៅដោយបាតដៃទទេ។
ការបាញ់មីស៊ីលកាលពីប៉ុន្មានថ្ងៃមុននេះ មិនបានធ្វើឲ្យ កូរ៉េខាងជើងបំពានពាក្យសន្យារបស់ខ្លួនដែលថា លែងធ្វើតេស្តមីស៊ីល ICBM ឬក៏អាវុធនុយក្លេអ៊ែរទៀតនោះទេ ប៉ុន្តែវាទំនងជាសញ្ញាមួយដែលបង្ហាញថា លោក គីម ជុងអ៊ុន ហាក់មិនពេញចិត្តចំពោះស្ថានភាពជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើងឡើយ ហើយប្រហែលសញ្ញាស្រដៀងគ្នានេះ អាចនឹងកើតមានឡើងបន្ថែមទៀត៕