(សាន់ហ្វ្រាន់ស៊ីស្កូ)៖ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 នឹងចូលរួមសម្ដែងការហោះហើរ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍យន្ដហោះ 2019 San Francisco Fleet Week Air Show នៅខែតុលាខាងមុខនេះ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមក្រុមអ្នករៀបចំព្រឹត្តិការណ៍នេះ ការសម្ដែងការហោះហើរ នៃយន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 ដែលកំពុងកាក់កបក្នុងការលក់ដូរ នៅលើទីផ្សារសព្វាវុធអន្តរជាតិនោះ នឹងត្រូវធ្វើឡើងដោយកងនាវាអាមេរិក U.S. Navy Blue Angels ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែតុលាខាងមុខនេះ។ ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ក៏នឹងឱ្យយន្ដហោះ Boeing 777 របស់ខ្លួនសម្ដែងការហោះហើរផងដែរ នៅរយៈកម្ពស់ទាបត្រឹម ១៥២ម៉ែត្រពីលើផ្ទៃទឹក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 2019 San Francisco Fleet Week Air Show គឺទទួលបានការគាំទ្រពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ហើយវាត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកចូលរួមមកពី ៤៩ប្រទេស៕