(ការ៉ាកាស់)៖ អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ប្រចាំវេណេស៊ុយអេឡាលោក អាលហ្វ្រេដ ដេ ហ្សាយ៉ាស (Alfred de Zayas) បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ឈប់ការគាំទ្រការធ្វើរដ្ឋប្រហារ និងការដាក់សម្ពាធលើវេណេស៊ុយអេឡាឡើយ រហូតទាល់តែលោក នីកូឡាស់ ម៉ាឌូរ៉ូ ទទួលមរណភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
លោក Alfred de Zayas ធ្វើការសន្និដ្ឋានខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik។ នាឱកាសនោះ លោក Zayas បានលើកឡើងយ៉ាងដូច្នេះថា «ផ្អែកលើប្រភពគួរឱ្យទុកចិត្តជាច្រើន ក្នុងរយៈពេលជាច្រើនខែមកនេះ សហរដ្ឋអាមេរិកបានព្យាយាម បញ្ចុះបញ្ចូលយោធាវេណេស៊ុយអេឡាឱ្យរត់ចោលជួរ និងផ្ដល់លុយកាក់គាំទ្រដល់ផែនការធ្វើរដ្ឋប្រហារ ក្នុងនោះរួមមានទាំងការប៉ុនប៉ងសម្លាប់លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ។ ប៉ុន្តែសហរដ្ឋអាមេរិកនឹងបន្តដើរតាមជំហានទាំងនេះទៀត រហូតទាល់តែពួកគេទទួលជោគជ័យ ក្នុងការសម្លាប់លោក ម៉ាឌូរ៉ូ»។
គួរជម្រាបថា បើតាមលោក Zayas នៅក្នុងករណីសហរដ្ឋអាមេរិកអាចកម្ចាត់លោក ម៉ាឌូរ៉ូ បានក៏ដោយ តែទីក្រុងវ៉ាស៊ីនតោននឹងមិនអាចសម្រេចបំណង ក្នុងការប្ដូរមេដឹកនាំ ដែលពួកគេចង់បាននោះឡើយដ្បិតមាត្រា ២៣៣ នៃរដ្ឋធម្មនុញ្ញវេណេស៊ុយអេឡាបច្ចុប្បន្នបានចែងថា បើគ្មានលោក ម៉ាឌូរ៉ូ នោះអនុប្រធានាធិបតី លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) នឹងក្លាយជាប្រធានាធិបតីស្ដីទីស្របច្បាប់ ពោលគឺមិនមែនមេបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ (Juan Gauido) នោះឡើយ។
ទោះបីជាបែបនេះក្តី អតីតមន្ត្រី UN ខាងលើនេះថែមទាំងហ៊ានសន្និដ្ឋានដល់ចំណុចរសើបបំផុតមួយទៀត នោះគឺសហរដ្ឋអាមេរិកអាចប្រើប្រាស់សន្លឹកបៀរចុងក្រោយ ដោយបញ្ជាឱ្យទីភ្នាក់ងារ CIA របស់ខ្លួន ធ្វើឃាតលោក Gauido ហើយប្រើលេសនេះដើម្បីធ្វើអន្តរាគមន៍យោធា ចូលមកប្រទេសវេណេស៊ុយអេឡាតែម្តង៕