(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) នៅថ្ងៃអង្គារសប្តាហ៍នេះនឹងផ្ដល់កាដូធំមួយ ដើម្បីលើកទឹកចិត្តដល់យោធាវេណេស៊ុយអេឡា ឱ្យងើបឡើងប្រឆាំងនឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខ នឹងផែនការធ្វើរដ្ឋប្រហារដឹកនាំដោយមេដឹកនាំបក្សប្រឆាំង។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានបន្ថែមថា នៅក្នុងសុន្ទរកថាមួយនៅឯក្រសួងការបរទេសអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ៣៖២៥នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) លោក Mike Pence ក៏នឹងចេញសារព្រមានផងដែរថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែម លើចៅក្រមតុលាការកំពូលវេណេស៊ុយអេឡា ២៥នាក់។

បន្ថែមពីលើនេះលោកអនុប្រធានាធិបតីអាមេរិក ក៏នឹងសន្យាផ្ដល់ជំនួយដល់ជនភៀសខ្លួនដែលរត់ចេញពី ប្រទេសអាមេរិកឡាទីនមួយនេះ ក៏ដូចជាកញ្ចប់ជំនួយសេដ្ឋកិច្ចសម្រាប់ការផ្លាស់ប្ដូរនយោបាយឆ្ពោះទៅរក ប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡាទៀតផង។

គួរបញ្ជាក់ថា បើតាមមន្ត្រីខាងលើដដែល រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តចាត់វិធានការឆ្លើយតបនានាបន្ថែមទៀត ដើម្បីបង្កើនសម្ពាធផ្នែកហិរញ្ញវត្ថុលើលោក ម៉ាឌូរ៉ូ ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុន ឬក៏ប្រទេសណាមួយ ដែលបន្តធ្វើពាណិជ្ជកម្មជាមួយវេណេស៊ុយអេឡា ជាពិសេសលើវិស័យប្រេងតែម្ដង៕