(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទីលោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បាននិយាយថា ការចល័តនាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា គឺដើម្បីទប់ទល់ជាមួយការគំរាមកំហែង​របស់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការ ដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

តាមរយៈការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter លោក Shanahan បានបញ្ជាក់ដូច្នេះថា ការចល័តកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែកនេះ ទៅកាន់តំបន់ធ្វើប្រតិបត្តិការរបស់ ទីបញ្ជាការយោធាអាមេរិកប្រចាំនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាការដាក់ពង្រាយសព្វាវុធ ដើម្បីឆ្លើយតបចំពោះការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ង់។ លោក Shanahan ក៏បានព្រមានឲ្យទីក្រុងតេហេរ៉ង់ បញ្ឈប់រាល់សកម្មភាពបង្កហេតុទាំងឡាយផងដែរ។

គួរជម្រាបថា បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក ការលេចឡើងជាថ្មីនៃការគំរាមកំហែងរបស់អ៊ីរ៉ង់ មកលើកងទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ាក់ គឺជាមូលហេតុនៅពីក្រោយការបញ្ជូនកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់ឈូងសមុទ្រពែក៕