(យ៉ាងហ្គន)៖ មីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសរហូតដល់ ៦,៥២០នាក់ ស្ថិតនៅក្រោមក្របខណ្ឌ នៃកម្មវិធីលើកលែងទោសរបស់រដ្ឋាភិបាល នៅថ្ងៃអង្គារនេះតែម្តង។ នេះបើតាមសេចក្ដីថ្លែងការណ៍នៃការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
សេចក្ដីថ្លែងការណ៍ខាងលើបានឱ្យដឹងទៀតថា លោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) បានសម្រេចចិត្តលើកលែងទោសឱ្យអ្នកទោសរាប់ពាន់នាក់ កាលពីខែមេសាកន្លងទៅ។ ការសម្រេចចិត្តបែបនេះគឺជាទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអាជ្ញាធរតែងតែងដោះលែង ឬលើកលែងទោសឱ្យអ្នកទោស នៅអំឡុងពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីកាលពីថ្ងៃទី១៧ ខែមេសា។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា អ្នកសារព័ត៌មាន Reuters ០២នាក់គឺលោក វ៉ា ឡូណេ (Wa Lone) និងលោក ក្យរ សឿអូ (Kyaw Soe Oo) ស្ថិតនៅក្នុងចំណោមអ្នកទោស ដែលត្រូវដោះលែងដែរ ឬក៏យ៉ាងណានោះទេ៕