(ដូហា)៖ ក្រសួងការបរទេសកាតាបានសន្យាថាទីក្រុងដូហានឹងផ្ដល់ប្រាក់៤៨០លានដុល្លារ ដើម្បីគាំទ្រដល់ ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank និង Gaza។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងការបរទេសកាតាបានបញ្ជាក់ទៀតថា កាតានឹងផ្ដល់ប្រាក់ក្រោមរូបភាពជាជំនួយ និងកម្ចី ៣០០លានដុល្លារ គាំទ្រដល់កញ្ចប់ថវិការបស់អាជ្ញាធរ ប៉ាឡេស្ទីនសម្រាប់វិស័យសុខាភិបាល និងអប់រំ។ ចំណែកឯ ១៨០លានដុល្លារផ្សេងទៀតគឺសម្រាប់ជំនួយ មនុស្សធម៌ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា ការសម្រេចចិត្តផ្ដល់ជំនួយរបស់កាតា ធ្វើឡើងនៅចំពេលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងផ្ទុះឡើង ក្រោយភាគីទាំងពីរបាញ់ផ្លោងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមក៕