(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ទើបតែបានឡើងគ្រងរាជ្យពេញបរិបូណ៌ តាមទំនៀមទម្លាប់ប្រពៃណីថៃ នៅក្នុងព្រះរាជពិធី រាជាភិសេកដ៏អធិកអធម៌មួយ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយត្រូវបញ្ចប់នាថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩ នេះ។

បើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន គឺជា ព្រះមហាក្សត្រតាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែដោយសារតែប្រទេសថៃត្រូវការពេលវេលា កាន់ទុក្ខថ្វាយអតីតព្រះមហាក្សត្រ និងការរៀបចំបោះឆ្នោតសកលថែមទៀតនោះ ទើបព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ត្រូវពន្យារពេលមដល់ដើមខែឧសភា។
១៖ ព្រះរាជជីវប្រវត្តិសង្ខេប នៃព្រះមហាក្សត្រថៃឡង់ដ៍

* ព្រះអង្គប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ ក្នុងរាជវាំងតុសិត នាទីក្រុងបាងកក។

* ព្រះអង្គជាបុត្រទីពីរ ហើយជាបុត្រាតែមួយអង្គគត់របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។

* កាលពីទើបមានព្រះជន្ម ២០ព្រះវស្សា ទ្រង់ត្រូវបានតែងតាំងជាព្រះរាជទាយាទ ដោយព្រះបិតាផ្ទាល់។

* ក្រោយពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ទ្រង់ត្រូវបានតម្រូវឲ្យឡើងស្នងរាជ្យបន្តនាពេលនោះតែម្តង. ប៉ុន្តែព្រះអង្គបានបង្គាប់ឲ្យពន្យារពេល ដើម្បីបន្តកាន់ទុក្ខព្រះបិតា។

* រហូតនៅវេលាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ទ្រង់ក៏បានយល់ព្រមឡើងគ្រងរាជសម្បត្តិ តែមិនទាន់ធ្វើពិធីតាមប្រពៃណីរាជវង្ស ឲ្យពេញសិទ្ធិនៅឡើយ។

* ទោះបីជាព្រះសពរបស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានបូជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក៏ដោយ ព្រះរាជពិធីរាជាភិសេកតាមទំនៀមទម្លាប់ប្រពៃណីរបស់ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ត្រូវបានពន្យារពេលបន្ថែមទៀត ព្រោះប្រជាជាតិថៃនៅតែស្ថិតក្រោមរយៈកាល នៃការកាន់ទុក្ខនៅឡើយ។

* រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ទើបព្រះរាជពិធីឡើងគ្រងរាជសម្បត្តិជាផ្លួវការ និងពេញសិទ្ធិតាមប្រពៃណីទំនៀមទម្លាប់នៃរាជវង្សបានប្រព្រឹត្តទៅ ដែលមានរយៈពេលសរុប ០៣ថ្ងៃតែម្តង។

យ៉ាងណាមិញ បើតាមរដ្ឋាភិបាលថៃ រជ្ជកាលគ្រប់គ្រងប្រទេសរបស់ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន គឺបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ពោលគឺនៅពេលដែលព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានចូលទិវង្គត។ ក្នុងនាមជាព្រះរាជាទី ១០ នៃរាជវង្សចក្រីថៃ ព្រះបាទ វិជ្ជិរ៉ាឡុងកន ក៏មាននាមថា ព្រះចៅរាមាទី ១០ ផងដែរហើយទ្រង់បានក្លាយជាស្តេចថៃ ដែលបានឡើងគ្រងរាជ្យដោយមានព្រះជន្មចំណាស់ជាងគេ ដោយកាលពីឆ្នាំ២០១៦ ព្រះអង្គមានព្រះជន្មរហូតដល់ ៦៤ព្រះវស្សា។

២៖ ប្រវត្តិនៃការសិក្សា ស្នេហា និងស្នាព្រះហត្ថនៃស្តេច មហា វិជ្ជិរ៉ាឡុងកន

* ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ធ្លាប់ទទួលបានការអប់រំនៅក្នុងសាលាវាំងមួយកន្លែង ក្នុងទីក្រុងបាងកក។

* បន្ទាប់មកពេលមានព្រះជន្ម ១៣ព្រះវស្សា ទ្រង់ត្រូវបានបញ្ជូនទៅសិក្សា នៅសាលាឯកជនពីរកន្លែង នៅចក្រភពអង់គ្លេសរយៈពេល០៥ឆ្នាំ ហើយសម្រាប់មួយ ឆ្នាំចុងក្រោយ ទ្រង់បានសិក្សានៅសាលាមួយកន្លែងទៀត ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

* សម្រាប់បួនឆ្នាំបន្ទាប់ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានចំណាយពេលទទួលការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យយោធាក្នុងទីក្រុង កង់បេរ៉ា។

* ព្រះអង្គនៅតែបានបន្តទទួលការបណ្តុះបណ្តាលជំនាញយោធាបន្ថែមទៀត ទាំងនៅក្នុង ប្រទេសថៃ និងនៅក្រៅប្រទេស រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្រ្តាលី ហើយទីបំផុតទ្រង់ក៏បានក្លាយជាមន្រ្តីយោធាម្នាក់ក្នុងជួរកងកម្លាំងប្រដាប់អាវុធថៃ ។

* ព្រះអង្គក៏បានជាប់ជាអាកាសយានិក ទាំងខាងបញ្ជាយន្តហោះស៊ីវិល និងខាងយន្តហោះចម្បាំងផងដែរ ដោយទ្រង់ធ្លាប់បានហោះហើរ យន្តហោះ Boeing 737 ផ្ទាល់ខ្លួនមួយគ្រឿង នៅពេលទ្រង់យាងធ្វើដំណើរនៅបរទេសថែមទៀតផង។

* នៅឆ្នាំ១៩៧២ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ត្រូវបានតែងតាំងដោយព្រះបាទ ភូមិបុល អាប់ឌុលយ៉េដេត ជាព្រះរាជទាយាទ ប៉ុន្តែព្រះអង្គក៏បានប្រឈមនឹង រឿងអាស្រូវមួយចំនួនផងដែរ។

* នៅឆ្នាំ១៩៧៧ ទ្រង់បានរៀបអភិសេកជាមួយព្រះនាង សោមសាវ៉ាលី (Soamsawali) ដែលជាប់សែរាជវង្សដែរ និងមានបុត្រមួយអង្គ គឺព្រះនាង បាចារ៉ាឃីទិយ៉ាផា (Bajarakitiyabha) នៅខែតុលា ឆ្នាំ១៩៧៨ ប៉ុន្តែនៅឆ្នាំ១៩៩១ ក៏បានលះ លែងគ្នា។
* បន្ទាប់មកនៅឆ្នាំ១៩៩៤ ព្រះអង្គបានរៀបអភិសេកជាមួយតារាសម្តែងម្នាក់ឈ្មោះ យុវធីតា (Yuvadhida) ប៉ុន្តែពីរឆ្នាំក្រោយមកទៀត ទ្រង់ក៏លែងលះទៀត។

* នៅឆ្នាំ២០០១ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានរៀបអភិសេកម្តងទៀត ខណៈអ្នកម្នាងទី ៣ នេះមាននាមថា ស្រ៊ីរស្មី (Srirasmi) និងមានបុត្រាមួយអង្គ ព្រះនាម ឌីផាងកន (Dipangkorn) នៅឆ្នាំ២០០៥ ប៉ុន្តែនៅឆ្នាំ២០១៤ ទ្រង់ក៏បានចែកផ្លូវគ្នា។
* ដោយឡែក នៅប៉ុន្មានថ្ងៃមុនរៀបពិធីរាជាភិសេករបស់ទ្រង់ ព្រះអង្គក៏បានសម្រេចព្រះទ័យ រៀបអភិសេកមហេសីម្នាក់ទៀតឈ្មោះ សុធីតា (Suthida) ដែលត្រូវជាអតីត កងការពាររាជវាំងផ្ទាល់។

* ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន គឺជាអ្នកស្នងរាជសម្បត្តិពីព្រះបិតាទ្រង់ ដែលមាននាមជាស្តេច មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោកលំដាប់លេខ ២ ជាមួយរាជទ្រព្យសរុបជាង ៣០ពាន់លានដុល្លារ ខណៈលេខ ១ គឺព្រះចៅ Ahmed bin Saeed Al Maktoum នៃអេមីរ៉ាត់អារ៉ាប់រួម ដែលមានរាជទ្រព្យសរុបជិត ៣២ពាន់លានដុល្លារ និងលេខ ៣ គឺព្រះចៅ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ ដែលមានរាជទ្រព្យសរុបជាង ២០ពាន់លានដុល្លារ៕

ប្រភព៖ សារព័ត៌មាន BBC (ដកស្រង់នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩)