(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza នៅថ្ងៃចន្ទនេះបាននិយាយថាទីក្រុង ការ៉ាកាស់ប្រាថ្នាចង់ដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសនាពេលបច្ចុប្បន្នដោយសន្តិវិធី។ ប៉ុន្តែបើសិនជា សហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធាប្រឆាំងរដ្ឋាភិបាលលោកម៉ាឌូរ៉ូ នោះវេណេស៊ុយអេឡានឹងធ្វើការសងសឹកវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Arreaza បានគូសបញ្ជាក់ដូច្នេះថា៖ «យើងត្រៀមខ្លួនជានិច្ចសម្រាប់ រាល់សេណារីយ៉ូទាំងអស់...ហើយបើសិនជាសហរដ្ឋអាមេរិកជ្រើសរើសយកការប្រើប្រាស់កម្លាំងយោធា នោះយើង នឹងធ្វើការសងសឹកទៅវិញ ដ្បិតយើងមានកងទ័ព ប៉ូលិសជាតិ និងប្រជាជនវេណេស៊ុយអេឡាដែលត្រៀមខ្លួនជា ស្រេច ដើម្បីកម្ទេចរាល់យោធាបរទេសឈ្លានពាន មិនថាពួកគេខ្លាំងប៉ុណ្ណោះនោះទេ»។
តែទោះជាយ៉ាងនេះក្ដី លោក Arreaza នៅតែបញ្ជាក់ជំហរដដែលថាទីក្រុងការ៉ាកាស់ចង់ដោះស្រាយវិបត្តិទាំងអស់ តាមរយៈកិច្ចសន្ទនាជាអទិភាព។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Jorge Arreaza ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេបក្ស ប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានទទួលស្គាល់ថាលោកកំពុងពិចារណាស្នើឱ្យសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍យោធាបណ្ដេញលោក ម៉ាឌូរ៉ូ ពីអំណាច៕