(ប្រ៊ុយណេ)៖ ព្រះចៅស៊ុលតង់ប្រ៊ុយណេ ហាសសាណាល់ បូលគីយ៉ាហ៍ (Hassanal Bolkiah) បានសម្រេចព្រះទ័យពន្យារពេលការអនុវត្តទោសប្រហារជីវិត ដែលមានចែងនៅក្នុងច្បាប់ «ហាមឃាត់ការរួមភេទរវាងមនុស្សមានភេទដូចគ្នា» ក្រោយទទួលរងការរិះគន់ពីក្រុមអ្នកគាំពារសិទ្ធិស្រឡាញ់ភេទដូចគ្នា នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងពិធីទទួលស្វាគមន៍នៃចូលមកដល់ «ការតមអាហាររបស់សាសនិកឥស្លាម» ព្រះចៅស៊ុលតង់ Hassanal Bolkiah មានបន្ទូលយ៉ាងដូច្នេះថា «ខ្ញុំដឹងថាមានសំណួរ និងការបកស្រាយមិនត្រឹមត្រូវមួយចំនួន លើការអនុវត្តច្បាប់ប្រហារជីវិត ចំពោះការរួមភេទរវាងមនុស្សមានភេទដូចគ្នា និងករណីសាហាស្មន់ជាដើម... ប៉ុន្តែអស់រយៈពេលជាង ២ទសវត្សរ៍មកនេះ យើងធ្លាប់ពន្យារពេលទោសប្រហារជីវិត សម្រាប់ករណីជាច្រើនក្រោមច្បាប់ជាតិ ហើយវាក៏នឹងត្រូវអនុវត្តន៍លើច្បាប់ថ្មីផងដែរ»

គួរជម្រាបថា បទឧក្រិដ្ឋមួយចំនួនដូចជាឃាតកម្មគិតទុកជាមុន និងការជួញដូរគ្រឿងញៀនជាដើម ក៏ត្រូវបញ្ចូលក្នុងទោសប្រហារជីវិតដែរ ប៉ុន្តែការអនុវត្តការកាត់ទោសប្រហារជីវិត មិនត្រូវបានធ្វើឡើយចាប់តាំងពីឆ្នាំ១៩៥៧ មកម្ល៉េះ៕